​​បេក្ខជន​ជាង ​៦​០​០​នាក់​ ​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​កិច្ចសន្យា​នៅ​ក្រសួង​រ៉ែ​និង​ថាមពល​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល។ ខ្មែរថាមស៍៖ ជរ សុគន្ធា

​បេក្ខជន​ជាង​ ​៦​០​០​នាក់​ ​បាន​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​ទីស្ដីការ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​ក្នុង​ឆ្នាំ​២​០​២​៤​ ​ដើម្បី​ប្រើប្រាស់​សមត្ថភាព​ ​ចំណេះ​ ​ជំនាញ​ ​និង​បទ​ពិសោធ​ ​បម្រើ​ការងារ​នៅ​តាម​អគ្គនាយកដ្ឋាន​នីមួយៗ​ដែល​មាន​តម្រូវ​ការ​។​

​ក្នុង​បញ្ជីរាយនាម​ផ្លូវការ​បេក្ខជន​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​ទីស្ដីការ​ក្រសួង​រ៉ែ​និង​ថាមពល​ ​កាល​ពី​ថ្ងៃ​ទី​៩​មករា​ ​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​២០២៤​ ​បេក្ខជន​សរុប​ចំនួន​ ​៦​០​៩​នាក់​ (​ស្រី​ ​៣​១​១​នាក់​) ​បាន​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​ក្រសួង​រ៉ែ​និង​ថាមពល​។​

​បេក្ខជន​ដែល​ក្រសួង​ជ្រើសរើស​បម្រើ​ការងារ​ត្រូវ​មានចំណេះ​ដឹង​ ​និង​ជំនាញ​ផ្នែក​ ​អក្សរសាស្ត្រ​ខ្មែរ​ ​ចំនួន​ ​៣​០​នាក់​។​ ​ផ្នែក​សេដ្ឋកិច្ច​ ​គណនេយ្យ​ ​ហិរញ្ញវត្ថុ​ ​នីតិសាស្ត្រ​ ​រដ្ឋបាល​សាធារណៈ​ ​Graphic​ ​Design​ ​ថតរូប​ ​និង​ជំនាញ​ពាក់ព័ន្ធ​នឹង​វិ​ស​័​យ​រ៉ែ​ ​ថាមពល​ ​ឬ​ប្រេងកាត​ ​ចំនួន​៦​០​នាក់​។​

​ក្នុង​បទ​បង្ហាញ​ស្ដីពី​ ​នីតិវិធី​នៃ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​ ​ដល់​បេក្ខជន​នៅ​ទីស្ដីការ​ក្រសួង​កាល​ពីម្សិលមិញ​ ​លោក​ ស៊ុ​យ​ ​ឌី​ម៉ង់ ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ដាក់ពាក្យ​ទាំងអស់​ ​ក្រសួង​ជ្រើស​រើស​ចំនួន​ ​៩​០​នាក់​ ​ដើម្បី​បម្រើ​ការងារ​ក្នុង​ឆ្នាំ​២​០​២​៤​។​

​លោក​បន្ថែម​ថា​ ​ក្នុងចំណោម​ជ្រើសរើស​មន្ត្រី​បម្រើ​ការងារ​ជាប់កិច្ចសន្យា​សរុប​ទាំង​ ​៩​០​នាក់​ ​គឺ​មានការ​បូក​សរុប​ជាមួយ​បេក្ខជន​ទាំង​ដាក់ពាក្យ​ថ្មី​ ​និង​បេក្ខជន​ជា​មន្ត្រី​ជាប់​កិច្ចសន្យា​ចាស់​ដែល​មានស្រាប់​។​

​លោក​បន្ត​ថា​ ​សម្រាប់​ការ​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ច​សន្យា​ក្នុង​ឆ្នាំ​២​០​២​៤​ ​មាន​លក្ខណៈ​ខុសប្លែក​ពី​រាល់​ឆ្នាំ​ ​ដោយសារ​ឆ្នាំមុន​ៗ​មាន​បេក្ខជន​ដាក់ពាក្យ​ចំនួន​តិច​ ​ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​មាន​ចំនួន​ច្រើន​ដែល​តម្រូវ​ឱ្យ​ក្រសួង​មានការ​កែប្រែ​នីតិវិធី​មួយ​ចំនួន​ក្នុង​ការ​ជ្រើសរើស​។​

​លោក​ ស៊ុ​យ​ ​ឌី​ម៉ង់ ​បញ្ជាក់​ថា​ ​ចំពោះ​បេក្ខជន​ថ្មី​ ​និង​បេក្ខជន​ជា​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​មានស្រាប់​ ​ត្រូវ​បាន​បែង​ចែក​វិញ្ញាសា​រ​ប្រឡង​ផ្សេងៗ​ពី​គ្នា​ ​ដែល​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​មានស្រាប់​នឹង​មាន​វិញ្ញាសា​រ​ធ្ងន់ជាង​បេក្ខជន​ថ្មី​។​

​លោក​បន្ថែម​ថា​ ​ការ​ប្រឡង​ជ្រើសរើស​ឆ្នាំនេះ​ ​ក្រសួង​ឈ​រលើ​មូលដ្ឋាន​ជ្រើស​យក​អ្នកមាន​សមត្ថភាព​ពិត​ប្រាកដ។​ ​កាលបរិច្ឆេទ​ប្រឡង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​១​៩​ ​និង​ថ្ងៃ​ទី​២​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​។​

​លោក​ ​យក់​ ​ប៊ុន​ណ្ណា ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​អ្នក​នាំ​ពាក្យ​ក្រសួង​មុខងារ​សាធារណៈ​ ​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​៧​ ​នៅ​តែ​បន្ត​ជ្រើស​រើស​មន្ត្រី​ជាប់​កិច្ច​សន្យា​ដូច​រាល់​ឆ្នាំ​ ​ដើម្បី​បំពេញ​តម្រូវ​ការ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​ទាំង​ថ្នាក់​ជាតិ​ ​និង​ក្រោម​ជាតិ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ការ​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ច​សន្យា​ ​ត្រូវ​បាន​អនុវត្ត​សម្រាប់​បម្រើ​ការងារ​ជា​ប្រចាំថ្ងៃ​ ​និង​ការងារ​ដែល​មិន​មាន​លក្ខណៈ​អ​ចិន្ត្រៃយ៍ ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​។​ ​មន្ត្រី​ជាប់កិច្ចសន្យា​ ​គឺ​មាន​រយៈពេល​មួយ​ឆ្នាំ​ម្តង​»​។​

​លោក​ ​យក់​ ​ប៊ុន​ណ្ណា ​បន្ថែម​ថា​ ​បច្ចុប្បន្ន​មន្ត្រី​រាជការ​ស៊ីវិល​ ​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ ​ស្ថាប័ន​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ទូទាំង​ប្រទេស​ ​គឺ​មាន​ប្រមាណ​ ​២​៣​ ​ម៉ឺន​នាក់​។​

​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​អ្នកនាំពាក្យ​បន្ត​ថា​ ​ចំពោះ​មន្ត្រី​ជាប់កិច្ចសន្យា​ ​ដែល​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័ន​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​មាន​ប្រមាណ​ ​១​៩​ ​០​០​០​នាក់​។​

​កាលពីដើម​ខែ​មករា​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​បាន​ចេញ​អនុក្រឹត្យ​ដំឡើង​ប្រាក់​ក​ម្រៃ​ប្រចាំខែ​ជូន​មន្ត្រី​ជាប់កិច្ចសន្យា​ពី​ចំនួន​ ​៧​១​០​ ​០​០​០​រៀល​ ​ទៅ​ចំនួន​ ​៧​៧​០​ ​០​០​០​រៀល​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​ ​ការដំឡើង​ប្រាក់​ក​ម្រៃ​ប្រចាំខែ​ដូច​កំណត់​ខាងលើ​នេះ​ ​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​តទៅ​ ​សម្រាប់​អនុវត្ត​ចំពោះតែ​មន្ត្រី​ជាប់កិច្ចសន្យា​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ ​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​។​

​លោក​នាយករដ្ឋមន្ត្រី​ក៏បាន​ដាក់​បទបញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ក្រសួងមហាផ្ទៃ​ ​ក្រសួង​ការពារ​ជាតិ​ ​ក្រសួង​មុខងារ​សាធារណៈ​ ​និង​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ត្រូវ​អនុវត្ត​ដំឡើង​ប្រាក់​ក​ម្រៃ​ជូន​មន្ត្រី​ជាប់​កិច្ចសន្យា​ចាប់​ពី​ខែ​មករា​តទៅ​៕​​

Related Posts

Previous Article

​កម្ពុជា​និង​ចិន​ចុះ​ ​M​OU ​លើ​គម្រោង​បកប្រែ​និង​បោះពុម្ព​សៀវភៅ​បុរាណ​ជា​ភាសា​នៃ​ប្រទេស​ទាំងពីរ​

Next Article

​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថ​កម្ពុជា​មាន​បំណុល​សរុប​ ​៥​.​១​៣​ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ត្រីមាស​ទី​៣​ ​ឆ្នាំមុន​