​គណៈកម្មាធិការ​ជាតិ​គ្រោះ​មហន្តរាយ​ ​ស្នើ​រដ្ឋាភិបាល​​ ផ្ដោ​ត​លើ​ឧបករណ៍​ពន្លត់​អគ្គីភ័យ​សម្រាប់​អគារ​ខ្ពស់​ៗ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
កម្ពុជា​ត្រូវការ​បំពាក់​ស​ម្ភារៈ​ទំនើប​ ​និង​ពង្រឹង​សមត្ថភាព​ក្រុម​សង្គ្រោះ​បន្ថែម​ ​ដើម្បី​ឆ្លើយ​តប​គ្រោះ​អគ្គិភ័យ​តាម​អគារ​ខ្ពស់ៗ។​ ​ប៉ូលិស

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​ស្នើ​រដ្ឋាភិបាល​ផ្តោត​សំខាន់​លើស​ម្ភារៈ ​និង​ឧបករណ៍​ពន្លត់​អគ្គីភ័យ​នៅ​តាម​អគារ​ខ្ពស់​ៗ​ក្នុង​រាជធានី​ ​ខេត្ត​ ​ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ទាន់ពេល​វេលា​ ​និង​មាន​ប្រសិទ្ធ​ភាព​។​

​ក្នុង​ពិព័រណ៍​ផលិតផល​ ​នៅ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ​ ​កាលពី​សៅរ៍​ ​លោក​ ​គីម​ ​វីរៈ​ ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​ឆ្នាំ​២​០​២​៤​ ​គណៈកម្មាធិការ​ជាតិ​នឹង​ស្នើ​រដ្ឋាភិបាល​ផ្តោត​សំខាន់​ទៅលើ​ស​ម្ភារៈ ​និង​ឧបករណ៍​ពន្លត់​អគ្គីភ័យ​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កង​កម្លាំង​អាច​ឆ្លើយតបនឹង​គ្រោះថ្នាក់​ជាយថាហេតុ​ឱ្យ​បាន​ទាន់ពេល​វេលា​។​

​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​ ​មាន​អគារ​ខ្ពស់​ៗ​ជាច្រើន​ ​ដែល​សមត្ថភាព​ហួស​ពី​៥​ ​ទៅ​៦​ជាន់​ ​គឺ​គ្រប់គ្រង​លែង​បានហើយ​ ​ព្រោះ​កាល​ពី​ថ្ងៃ​មុន​នៅ​អគារ​ ​Sky​ ​City​ ​មាន​ក​ម្ពស់​ត្រឹមតែ​៥​ជាន់​ ​ប៉ុន្តែ​ឡាន​ទឹក​សឹងតែ​បាញ់​មិនដល់​។​

​លោក​ ​គីម​ ​វីរៈ​ ​បញ្ជាក់​ថា​ ​កម្ពុជា​ត្រូវការ​បំពាក់​ស​ម្ភារៈ​ទំនើប​ ​និង​ពង្រឹង​សមត្ថភាព​ក្រុម​សង្គ្រោះ​បន្ថែម​ ​ដើម្បី​ឆ្លើយ​តប​គ្រោះ​អគ្គិភ័យ​តាម​អគារ​ខ្ពស់ៗ។​ ​បច្ចុប្បន្ន​ ​កម្លាំង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ​បាន​បែង​ចែក​ជា​ពីរ​ ​គឺ​ទី​១​ ​ប្រភេទ​នៅ​តាម​បណ្តា​ខេត្ត​ ​ក្រុង​ ​ដែល​មាន​អភិបាល​ខេត្ត​ជា​ប្រធានគណៈកម្មការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត​ ​និង​ទី​២​ ​កម្លាំង​កងទ័ព​ ​ដែល​ជា​កម្លាំង​ស្នូល​ ​ក្នុង​ការ​ជួយ​អន្តរាយ​គម​ន៍ឱ្យ​ទាន់​ពេល​វេលា​។​

​លោក​បន្ថែម​ថា​ ​កម្លាំង​កងទ័ព​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​សង្គ្រោះ​មហន្តរាយ​ ​មាន​គ្រប់​ភូមិភាគ​ ​រហូត​ដល់​កងពល​។​ ​បើ​ពាក់ព័ន្ធ​នឹង​គ្រោះ​អគ្គិភ័យ​ ​បា​ក​រលំ​អគារ​ ​គឺ​មាន​កង​ប្រតិបត្តិការ​រុករក​ ​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​៧​១​១​ ​កងពលតូច​លេខ​៧​០​។​

​លោក​ ​គីម​ ​វីរៈ​ ​ថ្លែង​ថា​ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ ​ជាពិសេស​រដ្ឋាភិបាល​កម្ពុជា​ ​កំពុង​ស្វែងរក​ ​និង​បំពេញ​សេចក្តី​ត្រូវការ​ដើម្បី​បំពាក់​ជូន​កម្លាំង​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ឱ្យ​បាន​គ្រប់គ្រាន់​ ​ដើម្បី​ឆ្លើយ​តបនឹង​ស្ថានភាព​ចំពោះមុខ​ ​ជា​ជំ​ហ៊ាន​ៗ​។​

​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​គណៈកម្មាធិការ​ជាតិ​កំពុង​បន្ត​ហ្វឹកហ្វឺន​កង​ប្រតិបត្តិការ​រុករក​ ​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ​ព្រមទាំង​ទទួល​បាន​នូវ​បទ​ពិសោធ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ពី​បណ្តា​ប្រទេស​ផ្សេង​ជា​មិត្ត​ផង​ដែរ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​សម្រាប់​ផែនការ​បន្ត​នោះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នឹង​ពុះពារ​បំពាក់​ស​ម្ភារៈ ​ឧបករណ៍​ ​បើ​ទោះបីជា​កង​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ​មាន​ជំនាញ​យ៉ាង​ណាក៏ដោយ​ ​តែ​ប្រសិនបើ​គាត់​អត់មាន​ស​ម្ភារៈ ​ឧបករណ៍​គ្រប់គ្រាន់​ ​គាត់​មិន​អាច​ប្រតិបត្តិការ​បានទេ​»​។​

​លោក​ ហឿ​ន​ ​ម៉ាប់​ ​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ​រាជធានី​ភ្នំពេញ​ ​សង្កេតឃើញ​ថា​ ​នៅ​ពេល​មាន​ភ្លើងឆេះ​អគារ​ម្ដងៗ​ ​គឺ​ទាំង​ស​ម្ភារៈ ​និង​ឧបករណ៍​ពាក់ព័ន្ធ​របស់​កងកម្លាំង​ដែល​ប្រើប្រាស់​ ​មិន​ទាន់​ទំនើប​ ​និង​ជឿនលឿន​ឡើយ​ ​ជាពិសេស​ក្រុម​កងកម្លាំង​ខ្លះ​ហាក់​គ្មាន​ជំនាញ​ក្នុង​ការ​ជួយសង្គ្រោះ​ ​និង​ពន្លត់​អគ្គិភ័យ​ឱ្យ​បាន​ទាន់ពេល​វេលា​។​

​លោក​បន្ថែម​ថា​៖​ ​«​បើ​យើង​ជំរុញ​ឱ្យ​កងកម្លាំង​កាន់​តែ​មាន​ជំនាញ​ជាង​បច្ចុប្បន្ន​ ​ជាពិសេស​មាន​សម្ភារៈ ​និង​ឧបករណ៍​ទំនើប​ប្រើប្រាស់​គ្រប់គ្រាន់​ ​នោះ​ការ​ចុះ​អន្តរាគមន៍​របស់​ពួក​គាត់​ក៏​កាន់​តែ​មាន​​ប្រសិទ្ធ​ភាព​ ​ប៉ុន្តែ​បើ​គ្មាន​ជំនាញ​ច្បាស់លាស់​ទេ​ ​ពួកគាត់​ក៏​មិន​អាច​ជួយ​ពួក​យើង​បាន​ដែរ​»​​៕​

Related Posts

Previous Article

​ឆ្នាំនេះ​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​នៅ​ភ្នំពេញ​មាន​ជាង​ ​៥​០​០​ករណី​ ​និង​បង្ក្រាប​បាន​ ​៤​៥​៩​ករណី​

Next Article

​រដ្ឋាភិបាល​ដំឡើង​របប​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​អ្នកនៅក្នុងបន្ទុក​របស់​សព​មន្ត្រី​និង​អតីត​សព​យុទ្ធជន​