​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច​បង្ហាញ​តួនាទី​ ​និង​បេសកកម្ម​របស់​ខ្លួន​នៅ​ក្នុង​អាណត្តិ​ទី​៧​

​សោម​ ​សុធា​រី​ / Khmer Times Share:
​រដ្ឋ​ម​ន្រ្តី​ក្រសួង​អធិការកិច្ច​លោក​ ​ហួត​ ​ហា​ក់ ​(ឆ្វេង)​ ក្នុង​វេទិកា​ជាមួយ​អ្នក​សារ​ព័ត៌មាន​ពីម្សិលមិញ​។​ ​ ​ខ្មែរ​ថា​ម​ស៍​៖​ ​ទេព​ ​សូ​នី​

​រដ្ឋមន្ត្រី​ថា​ក្រសួង​អធិការកិច្ច​មាន​បេសកកម្ម​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិ​ស័​យ​ទាំង​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ដែល​សំដៅ​ ​បង្ការ​ ​ទប់​ស្កាត់​ ​និង​មាន​វិធានការ​ផ្សេងៗ​ ​ដើម្បី​ប្រឆាំង​អំពើពុករលួយ​។​​

ការ​លើកឡើង​នេះ​ ​ធ្វើឡើង​នៅ​ក្នុង​វេទិកា​កិច្ចពិភាក្សា​លើ​ប្រធាន​បទ​ ​«​អធិការកិច្ច​ក្នុង​បរិ​បទ​កំណែ​ទម្រង់​»​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ក្រសួង​អធិការកិច្ច​កាលពី​ម្សិល​មិញ​។​

​វេទិកា​ពិភាក្សា​បាន​រៀបចំ​ឡើង​ដោយ​ក្លិ​ប​អ្នកកាសែត​កម្ពុជា​ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ ​ហួត​ ​ហាក់​ ​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច​ ​ជា​វាគ្មិន​ ​ព្រមទាំង​អ្នក​សារ​ព័ត៌មាន​ជាង​ ​១​០​០​នាក់​មកពី​ស្ថាប័ន​នានា​។​

​លោក​ ​ហួត​ ​ហាក់​ ​លើកឡើង​ថា​ក្រសួង​អធិការកិច្ច​ក៏មាន​តួនាទី​ទទួល​បេសកកម្ម​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ការ​តាមដាន​ ​ការ​អនុវត្ត​ច្បាប់​ផង​ដែរ​ ​ហើយ​បេសកកម្ម​របស់​​​ក្រសួង​អធិការកិច្ច​នេះ​បាន​ដើរ​តួនាទី​សំខាន់​ណាស់​សម្រាប់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​អភិវឌ្ឍ​ឱ្យ​បាន​សម្រេច​នៅ​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​ដែល​បាន​ដាក់​ចេញ​។​

​នៅ​ក្នុង​វេទិកា​ពិភាក្សា​នេះ​ ​លោក​ ​ហួត​ ​ហាក់​ ​បាន​លើក​ឡើង​នៅ​ចំណុច​សំខាន់​ៗ​បី​ ​រួម​មាន​ ​សាវ​តា​ ​រចនា​ស​ម្ព័ន្ធ ​និង​បេសកកម្ម​ការងារ​របស់​​​ក្រសួង​អធិការកិច្ច​។​

​លោក​ថ្លែង​ថា​៖​ ​«​ការ​តាមដាន​អនុវត្ត​ច្បាប់​គឺជា​បេសកកម្ម​មួយ​យ៉ាងសំខាន់​ផង​ដែរ​របស់​​​ក្រសួង​អធិការកិច្ច​ ​គឺ​ការ​ត្រួត​ពិនិត្យ​ ​អនុលោម​ភាព​ ​នៃ​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​នៅ​ជាធរមាន​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​នៅ​ក្នុង​នោះ​រួមបញ្ចូល​ទាំង​ការ​អនុវត្ត​នូវ​រាល់​អនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ផង​ដែរ​ ​»​ ​។​

រដ្ឋាភិបាល​ក៏បាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​អធិការកិច្ច​ឱ្យ​ទទួលខុសត្រូវ​លើ​វិ​ស​័​យ​ទទួល​ពាក្យ​បណ្តឹង​ ​និង​អង្កេត​ស្រាវជ្រាវ​ ​ហើយ​ក្រសួង​ក៏​មាន​តួនាទី​នៅ​ក្នុង​ការ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​រូបវន្តបុគ្គល​ ​និង​នីតិបុគ្គល​។​

​លោក​បាន​បន្ថែម​ថា​៖​«​ ​ក្រសួង​មាន​បេសកកម្ម​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ ​ហើយ​ក្រសួង​ក៏​មាន​សមត្ថកិច្ច​នៅ​ក្នុង​កា​របើក​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ទៅ​ដល់​គ្រប់​បុគ្គល​ទាំង​អស់​រួម​ទាំង​ពី​រូបវន្តបុគ្គល​ដែល​អាច​ជា​ប្រជាពលរដ្ឋ​ ​នីតិបុគ្គល​ដែល​អាច​ជា​ក្រុមហ៊ុន​ ​សមាគម​ ​ឬ​អង្គការ​ជាដើម​ដែល​មាន​ជាប់​សំណុំរឿង​ដែល​ដើមបណ្តឹង​បាន​ដាក់​ពាក្យ​បណ្តឹង​មក​»​។​

​លោក​ ​ហួត​ ​ហាក់​ ​បញ្ជាក់​ថា​ ​ក្រសួង​អធិការកិច្ច​បាន​កំពុង​ទទួល​ពាក្យបណ្តឹង​គ្រប់​ប្រភេទ​ ​រួម​ទាំង​ពាក្យ​បណ្តឹង​បរិហារ​ ​និង​បណ្តឹង​តវ៉ា​គ្រប់រូប​ភាព​ដែល​ឆ្លើយតប​ទៅ​នឹង​បេសកកម្ម​របស់​​​ក្រសួងមានសមត្ថកិច្ច​ដោះស្រាយ​។​

​ក្នុងរយៈពេល​ ​៣​ឆ្នាំ​ចុងក្រោយ​នេះ​ ​ក្រសួង​អធិការកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​បាន​ចំនួន​ ​៤​៧​។​ ​លោក​កត់​សម្គាល់​ថា​បណ្តឹង​ភាគច្រើន​ ​គឺជា​ប្រភេទ​បណ្តឹង​ដែល​ទាក់ទង​ជាមួយនឹង​ទំនាស់​ដីធ្លី​។​

​លោក​បាន​បាន​បញ្ជាក់​បន្ថែម​ថា​តួនាទី​របស់​​​ក្រសួង​អធិការកិច្ច​គឺ​មិនមែន​សំដៅ​តែ​រក​ឱ្យ​ឃើញ​ ​កំហុស​នោះ​ទេ​។​

​លោក​​​ថា​៖​ ​«​ ​ការ​ទទួល​ខុស​ត្រូវ​របស់​​​ក្រសួង​អធិការកិច្ច​មាន​ពីរ​គឺ​ ​ទី​១​៖​ ​រក​ឱ្យ​ឃើញ​ចំណុច​ដែល​អនុវត្ត​បាន​ល្អ​ត្រឹមត្រូវតាម​ច្បាប់​ ​និង​លិខិត​គតិយុត្ត​បាន​កំណត់​​ទី​២​៖​ ​រក​ឱ្យ​ឃើញ​ចំណុច​ខ្វះខាត​ ​ចំណុច​ខុស​ឆ្គង​តាំងពី
តូច​តាច​ ​មធ្យម​រហូត​ដល់​ធ្ងន់ធ្ងរ​ ​ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ ​»​។​

លោក​ ​ឡាំ​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​ ​វិទ្យាស្ថាន​តស៊ូ​មតិ​ ​និង​គោល​នយោបាយ​ (​A​P​I​) ​ថា​ការ​អនុវត្ត​កិច្ចការ​ងារ​នៅ​ក្រសួង​អធិការកិច្ច​គឺជា​រឿង​សំខាន់​ ​ដូច្នេះ​ក្រសួង​ត្រូវ​មាន​តម្លា​ភាព​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​យើង​មើលឃើញ​ហើយ​ថា​តួនាទី​របស់​​​ក្រសួង​ ​គឺ​ធ្វើ​អធិការកិច្ច​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ ​នីតិវិធី​បែបបទ​ក្រសួង​គឺ​មាន​អស់ហើយ​ ​ប៉ុន្តែ​គួរតែ​ធ្វើ​ដោយ​តម្លា​ភាព​ ​គាត់​មើល​ឃើញ​ថា​ក្រសួង​ណា​មាន​បញ្ហា​អ្វី​ ​ក្រសួង​នោះ​ត្រូវ​ចាត់វិធានការ​កែ​លម្អ​ធ្វើ​បែប​ណាខ្លះ​?​»​ ​។​

​លោក​កត់​សម្គាល់​ថា​ស្នាដៃ​ ​ឬ​លទ្ធផល​របស់​​​ក្រសួង​អធិការកិច្ច​ ​គឺ​មិនបាន​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​ដឹង​ឡើយ​ ​ហើយ​លោក​ស្នើ​ឱ្យ​ក្រសួង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ទូលំទូលាយ​ផង​ដែរ​។​

​លោក​​​មាន​ថ្លែង​ថា​៖​ ​«​ ឱ្យ​សាធារណជន​ដឹង​ថា​ក្រសួង​អធិការកិច្ច​កំពុង​ធ្វើការងារ​អ្វី​ ​មើល​រក​ឃើញ​បញ្ហា​អ្វីខ្លះ​ ​ហើយ​ឱ្យ​សាធារណជន​ដឹង​ព័ត៌មាន​អំពី​ការងារ​របស់​ខ្លួនឯង​ដែរ​ ​ផ្សព្វផ្សាយ​ការអប់រំ​ច្បាប់​ ​អនុវត្ត​ច្បាប់​ផ្សេងៗ​ ​របស់​​​ក្រសួង​ផ្សេងៗ​»​​៕​

Related Posts

Previous Article

​ក្រសួង​រ៉ែ​ស្នើ​ពលរដ្ឋ​រាយការណ៍​ក្រុមហ៊ុន​បូម​ខ្សាច់​ខុស​បច្ចេកទេស​

Next Article

​ប៉ូលិស​វៀតណាម​ពិន័យ​ម្ចាស់​គណនី​តិច​តុ​ក​ដែល​បង្ហោះ​វីដេអូ​ប៉ះពាល់​ប្រាសាទអង្គរវត្ត​