កិច្ចប្រជុំលើកទី៣៨ នៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស

ខ្មែរថាមស៍ Share:
(រូបថត៖ គ.ស.ម.ក.)

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) បានបើកកិច្ចប្រជុំលើកទី៣៨ របស់ខ្លួនក្រោមអធិបតីភាព លោក យ៉ង ចាន់ថាឡាងស៊ី (Yong Chanthalangsy) តំណាងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធាន AICHA 2024 នៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំបានបញ្ជាក់ថា ក្រុមការងារគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស-កម្ពុជា ដឹកនាំដោយលោក ស៊្រាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក. និង តំណាងកម្ពុជាប្រចាំ AICHR ។

ក្នុងសុន្ទរកថាស្វាគមន៍ ប្រធានអង្គប្រជុំបានកត់សម្គាល់ពីសារៈសំខាន់នៃការពិនិត្យឡើងវិញនូវសមិទ្ធិផលដែលសម្រេចបានក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការកំណត់ទិសដៅអនាគតរបស់អាស៊ានដែលដឹកនាំដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់និងភាពធន់។ ”។

លោកបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងសហគមន៍អាស៊ាន ក៏ដូចជាការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

តំណាង/តំណាងរងរបស់ AICHR បានអបអរសាទរ AICHR-Laos ក្នុងឋានៈជាប្រធាន AICHR ឆ្នាំ២០២៤ និងបានធ្វើបច្ចុប្បន្នភាពលើការវិវឌ្ឍថ្មីៗនៃសិទ្ធិមនុស្សនៅក្នុងតំបន់ រួមទាំងច្បាប់ និងបទប្បញ្ញត្តិថ្មីៗ និងផ្តួចផ្តើមគំនិតនានា ក្នុងន័យកែលម្អស្ថានភាពសិទ្ធិមនុស្ស។

កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តកម្មវិធី/សកម្មភាពអាទិភាពរបស់ AICHR ក្នុងឆ្នាំ២០២៣ និង២០២៤ ដោយផ្តោតលើវិស័យសំខាន់ៗដូចជា ការជួញដូរមនុស្ស បរិស្ថាន និងការប្រែប្រួលអាកាសធាតុ សិទ្ធិជនមានពិការភាព សិទ្ធិកុមារ សិទ្ធិមនុស្ស និងការកាត់បន្ថយភាពក្រីក្រក្នុងបរិបទនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ( SDGs) ក៏ដូចជាបញ្ហាព័ត៌មានក្លែងក្លាយ។

លើសពីនេះ អង្គប្រជុំក៏បានពិភាក្សាអំពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃផែនការការងាររយៈពេលប្រាំឆ្នាំរបស់ AICHR 2021-2025 វិធានការពង្រឹងការគ្រប់គ្រងមូលនិធិ AICHR និងមូលនិធិខាងក្រៅដែលផ្តល់ដល់ AICHR ការរៀបចំផែនការការងាររយៈពេលប្រាំឆ្នាំនៃ AICHR 2026-2030 និងលទ្ធភាពនៃការផ្តល់ធាតុចូលរបស់ AICHR លើការអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលដឹកនាំដោយក្រុមការងារកម្រិតខ្ពស់ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV)។

ក្នុងជំនួបនោះ AICHR ក៏បានរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយក្រុមការងារសិទ្ធិបរិស្ថានអាស៊ាន (AER-WG) ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌតំបន់អាស៊ានស្តីពីសិទ្ធិបរិស្ថាន។ ជាមួយគ្នានេះ AICHR ក៏បានផ្តល់ការណែនាំមួយចំនួនដល់ក្រុមការងារក្នុងការរៀបចំក្របខ័ណ្ឌនៃវិស័យនេះ។

ជាចុងក្រោយ អង្គប្រជុំបានថ្លែងអំណរគុណចំពោះ AICHR-Lao និងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំលើកទី៣៨ បានយ៉ាងល្អ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ៕

Related Posts

Previous Article

លោក យ៉ង សាំងកុមារ ចុះជួបកសិករនៅខេត្តបន្ទាយមានជ័យ

Next Article

វៀតណាម ឡាវ និង​កម្ពុជា ​ព្យាយាម​ជំរុញ​វិស័យ​ទេសចរណ៍បីប្រទេស