​លោក​ នេ​ត​ ​សាវឿន​ ​ដាក់​ផែនការ​ទប់​ស្កាត់​រាល់​ឧបាយកល​របស់​អមិត្ត​ដែល​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​លោក​ នេ​ត​ ​សាវឿន​ ​(ស្តាំ) ក្នុង​ ​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​សភាពការណ៍​ការ​អនុវត្ត​តួនាទី​ ​ភារកិច្ច​ ​និង​ធ្វើ​កំណែ​ទម្រង់​កង​រាជ​អាវុធហត្ថ​ឆ្នាំ​២​០​២​៣​ ​ទិសដៅ​ភារកិច្ច​ ​និង​ការងារ​កំណែ​ទម្រង់​កង​រាជ​អាវុធហត្ថ​ឆ្នាំ​២​០​២​៤​។​ ​ កង​រាជ​អាវុធហត្ថ​

​លោក​ នេ​ត​ ​សាវឿន​ ​ឧបនាយក​រដ្ឋ​ម​ន្រ្តី​ទទួលបន្ទុក​សន្តិសុខ​ជាតិ​ ​ដាក់ទិស​ដៅ​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២​០​២​៤​ ​ដើម្បី​ពង្រឹង​ការពារ​សន្ដិសុខ​ ​និង​ទប់​ស្កាត់​រាល់​ឧបាយកល​របស់​ក្រុម​អមិត្ត​ដែល​បន្ដ​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​សភាពការណ៍​លើ​ការ​អនុវត្ត​តួនាទី​ ​ភារកិច្ច​ ​និង​ធ្វើ​កំណែ​ទម្រង់​កង​រាជ​អាវុធហត្ថ​ ​ឆ្នាំ​២​០​២​៣​ ​និង​ការងារ​កំណែ​ទម្រង់​កង​រាជ​អាវុធហត្ថ​ឆ្នាំ​២​០​២​៤​ ​កាលពី​ថ្ងៃសុក្រ​ ​សន្តិ​បណ្ឌិត​ នេ​ត​ ​សាវឿន​ ​បាន​លើកឡើង​ថា​ ​កង​រាជ​អាវុធហត្ថ​ ​មិនមែន​ត្រឹមតែ​រួមចំណែក​ការពារ​សន្ដិសុខ​ ​សណ្ដាប់ធ្នាប់​ ​ប្រឆាំង​បទល្មើស​សង្គម​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ចូល​រួមចំណែក​ការពារ​បូរណភាពទឹកដី​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​ទេ​ ​កាលពី​ឆ្នាំ​២​០​០​៨​ ​ពេល​មាន​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង​ ​កម្លាំង​កង​រាជ​អាវុធហត្ថ​ចំនួន​២​០​០​នាក់​ ​បាន​ដឹកនាំ​ទៅ​ជួយ​មុនគេ​នៅ​តំបន់​ព្រះវិហារ​ ​ដូច្នេះ​មិនមែន​ត្រឹមតែ​ថែរក្សា​សន្ដិសុខ​ ​សណ្ដាប់​ធ្នាប់​នោះ​ទេ​ ​ពោល​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ការពារ​ខឿន​ឯករាជ្យ​ ​និង​អធិបតេយ្យភាព​របស់​កម្ពុជា​»​។​

​លោក​ នេ​ត​ ​សាវឿន​ ​បន្ដ​ថា​ ​កម្លាំង​កង​រាជ​អាវុធហត្ថ​ក៏បាន​រួមចំណែក​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​យ៉ាង​ហ្មត់ចត់​ ​និង​ទប់​ស្កាត់​សកម្មភាព​បដិវត្ត​ពណ៌​ ​ព្រោះ​បដិវត្ត​ពណ៌​កើត​ឡើង​នៅ​ប្រទេស​ណា​ ​ប្រទេស​នោះ​តែង​បរាជ័យ​ ​ហើយ​តែង​បាន​ដួល​រំលំ​ ​ដោយឡែក​នៅ​កម្ពុជា​បដិវត្ត​ពណ៌​កើត​ឡើង​កាលពី​កន្លងទៅ​តែង​បរាជ័យ​។​

​លោក​បន្ថែម​ថា​៖​ ​«​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២៤​ ​កង​រាជ​អាវុធហត្ថ​ទាំងអស់​ ​ត្រូវ​បន្ដ​ពង្រឹង​ការ​ការពារ​សន្ដិសុខ​ ​សណ្ដាប់ធ្នាប់​ ​ស្ថិរភាព​សង្គម​ ​និង​ទប់​ស្កាត់​នូវ​រាល់​ឧបាយកល​របស់​ពួក​អមិត្ត​ដែល​នៅតែ​បន្ដ​ចិញ្ចឹម​ចិត្ត​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ ​ដែល​ប្រ​សូត្រ​ចេញ​ពី​ការ​បោះឆ្នោត​យ៉ាង​ត្រឹមត្រូវ​ ​និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពិតប្រាកដ​»​។​

​លោក​ នេ​ត​ ​សាវឿន​ ​ក៏​ជំរុញ​ឱ្យ​បង្កើន​សមត្ថភាព​ហ្វឹកហ្វឺន​វិជ្ជាជីវៈ​ ​និង​ជំនាញ​ឯកទេស​បន្ថែម​លើ​អ្វី​ដែល​កំពុង​អនុវត្ត​បាន​យ៉ាងល្អ​នា​ពេល​បច្ចុប្បន្ននេះ​ ​ជាពិសេស​ត្រូវលើ​ក​សរសើរ​ ​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ចំពោះ​មន្ដ្រី​ដែល​បំពេញ​តួនាទី​ភារកិច្ច​បាន​ល្អ​ ​និង​អនុវត្ត​វិ​ន័យ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ ​ខណៈ​មេបញ្ជាការ​គ្រប់ជាន់ថ្នាក់​ត្រូវធ្វើ​ជា​គំរូ​ដល់​មន្ដ្រី​ក្រោម​ឱវាទ​របស់​ខ្លួន​។​

​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​អគ្គ​មេបញ្ជាការ​រង​ ​និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​សកម្មភាព​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​សង្គម​ ​គឺ​មាន​ភាព​ល្អ​ប្រសើរ​ ​និង​មាន​និរន្តរភាព​គួរ​ឱ្យ​កត់​សម្គាល់​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​រសើប​បាន​កើត​ឡើង​កាលពី​កន្លងទៅ​ ​ត្រូវ​បាន​ទប់​ស្កាត់​ ​និង​បង្ក្រាប​ ​ដោយ​ទទួល​បាន​ជោគជ័យ​ ​និង​មានសណ្ដាប់ធ្នាប់ល្អ​។​

​លោក​បញ្ជាក់​ថា​ ​សម្រាប់​ការងារ​ការពារ​សន្តិសុខ​ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ​ក៏ដូចជា​ការ​សហការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លើ​ភាព​ជាក់ស្ដែង​ ​គឺ​កង​រាជ​អាវុធហត្ថ​បាន​រួម​ចំណែក​យ៉ាងសំខាន់​ ​និង​ទទួល​បាន​ផ្លែផ្កា​ល្អ​ទាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​ ​ពិធី​ជួប​ប្រជុំ​នានា​ ​ពិធីបុណ្យ​ជាតិ​ ​បុណ្យ​សាសនា​ ​និង​ការប្រជុំ​ក​ម្រិ​ត​អន្តរជាតិ​ ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​លោក​ ​ឈុំ​ ​សុជាតិ​ ​លើក​ឡើង​ថា​ ​កម្ពុជា​គ្មានកម្លាំង​អមិត្ត​ប្រើប្រាស់​ទឹក​ដី​កម្ពុជា​ ​ដើម្បី​បង្ក​អន្តរាយ​ដល់​សន្តិសុខ​ ​និង​ផលប្រយោជន៍​របស់​កម្ពុជា​ ​ក៏​ដូច​របស់​ប្រទេស​ណា​មួយ​ឡើយ​។​

​លោក​បន្ថែម​ថា​ ​បើ​សិន​មានកម្លាំង​អមិត្ត​ ​ឬ​កម្លាំង​ប្រឆាំង​សេនា​ណាមួយ​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ឬ​ក្នុង​ប្រទេស​ណាមួយ​នោះ​ ​នឹង​នាំ​ឱ្យ​អសន្តិសុខ​ផ្ទៃក្នុង​ប្រទេស​ ​ព្រម​ទាំង​ជួបប្រទះ​បញ្ហា​សន្តិសុខ​សង្គម​ ​ជាពិសេស​សុវត្ថិភាព​ក្នុង​តំបន់​មាន​ភាព​មិន​ល្អ​។​

​លោក​បញ្ជាក់​ថា​ ​កម្លាំង​អមិត្ត​ ​គឺ​មាន​ន័យ​ថា​ ​ជា​កម្លាំង​មិន​មែន​ជា​មិត្ត​ ​គឺជា​កម្លាំង​ស​ត្រូវជា​មួយ​ប្រទេស​ណា​មួយ​រវាង​កម្ពុជា​ ​និង​ប្រទេស​ជិត​ខាង​ ​ឬ​រវាង​កម្ពុជា​និង​ប្រទេស​ដទៃ​៕

Related Posts

Previous Article

នគរបាល​កម្ពុជា​បដិសេធ​ការចោទប្រកាន់​ពី​ករណី​ជួញ​ដូរ​មនុស្ស​ដែល​បាន​អះអាង​ដោយ​ជនជាតិ​ថៃ​ដែល​បាន​រត់​គេច​ខ្លួន​

Next Article

​មន្ត្រី​កសិកម្ម​ឃុំ​២​៥​០​នាក់​ត្រូវ​បាន​ជ្រើសរើស​ ​ខណៈ​ជាង​១​០​០​០​នាក់​ផ្សេងទៀត​នឹង​ជ្រើសរើស​នៅ​ឆ្នាំ​បន្តបន្ទាប់​