​ក្រសួង​ការពារ​ជាតិ​ ​ដាក់​ផែនការ​កែ​ទម្រង់​យោធា ​ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​ ​ទៀ​ ​សីហា​ ​ថ្លែង​ក្នុង​ជំនួប​ជាមួយនឹង ​ម​ន្រ្តី​នាយទាហាន​កាលពី​ស​ប្តាហ៍​មុន​។​ ​ ​ ​ក្រសួង​ការពារ​ជាតិ​

 

​ក្រសួង​ការពារ​ជាតិ​ ​ដាក់​ផែនការ​កំណែ​ទម្រង់​កងយោធពលខេមរភូមិន្ទ​ ​និង​កម្មវិធី​នយោបាយ​ ឱ្យ​ស្របតាម​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​របស់​រដ្ឋាភិបាល​ថ្មី​ ​អាណត្តិ​ទី​៧​ ​ដើម្បី​សុខ​សន្តិភាព​ប្រជាពលរដ្ឋ​ ​និង​ការ​អភិវឌ្ឍ​សង្គមជាតិ​។​

​ក្នុង​ពិធី​សំណេះ​សំ​ណា​ជាមួយ​នាយទាហាន​ ​នៃ​កងយោធពលខេមរភូមិន្ទ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​ទៀ​ ​សីហា​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ប្តេជ្ញា​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​លើ​ផែនការ​កំណែ​ទម្រង់​កងយោធពលខេមរភូមិន្ទ​ ​កម្មវិធី​នយោបាយ​ ​និង​ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​
ដំណាក់កាល​ទី​១​ ​របស់​រដ្ឋាភិបាល​។​

​ក្នុង​នោះ​ ​អនុវត្ត​បាវចនា​ចំនួន​ពីរ​ ​គឺ​កែ​ទម្រង់​ខាងក្នុង​ ​ដោយ​បង្កើន​មិត្ត​ខាងក្រៅ​ ​ដើម្បី​ជា​ស្មារតី​ឯករាជ្យ​ ​និង​អភិក្រម​ទាំង​៥​ ​មាន​ដូចជា​ ​ឆ្លុះកញ្ចក់​ ​ងូតទឹក​ ​ដោះ​ក្អែល​ ​ព្យាបាល​ ​និង​វះកាត់​។​

​លោក​ ​ទៀ​ ​សីហា​ ​ក៏បាន​ប្ដេជ្ញា​ថែរក្សា​ឱ្យ​បាន​រាល់​សមិទ្ធផល​ ​ដែល​បន្សល់​ពី​ថ្នាក់​ដឹកនាំ​ចាស់​កើត​ចេញពី​ឆន្ទៈ​រួម​ ​និង​ការ​ប្រឹងប្រែង​រួម​ ​ដើម្បី​ផលប្រយោជន៍​រួម​ ​ហើយ​ប្រឹងប្រែង​បង្កើត​នូវ​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ប្ដេជ្ញា​ស្មោះត្រង់​ចំពោះ​ជាតិ​ ​សាសនា​ ​ព្រះមហាក្សត្រ​ ​ជាពិសេស​ការពារ​រដ្ឋធម្មនុញ្ញ​ ​ការពារ​រដ្ឋាភិបាល​ ​និង​ធានា​ការ​ការពារ​សន្តិភាព​ ​ឯកភាព​ ​អធិបតេយ្យភាព​ ​បូរណភាពទឹកដី​ឱ្យ​បាន​គង់វង្ស​ ​ស្ថិតស្ថេរ​គ្រប់​កាលៈទេសៈ​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​មានឱកាស​ពេញ​លេញ​សម្រាប់​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។​

​លោក​ ​ទៀ​ ​សីហា​ ​បញ្ជាក់​ថា​ ​ចំពោះ​កំណែ​ទម្រង់​ទាហាន​នេះ​ ​ដើម្បី​បង្កើន​សាមគ្គីភាព​ ​ឯកភាព​ផ្ទៃក្នុង​ ​ជាពិសេស​ជំរុញ​ឱ្យ​មានការ​គោរពច្បាប់​រដ្ឋ​ ​សារាចរ​ណ៍ ​សេចក្តី​ណែនាំ​ ​សេចក្តី​សម្រេច​ ​បទបញ្ជា​ ​និង​បទ​វិ​ន័យ​ទូទៅ​របស់​កងយោធពលខេមរភូមិន្ទ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​និង​មាន​ប្រសិទ្ធ​ភាព​។​

​លោក​ក៏បាន​ប្ដេជ្ញា​វាយ​ក​ម្ទេ​ច​រាល់​ការប៉ុនប៉ង​បំផ្លាញ​សន្តិភាព​ ​ឧបាយកល​បង្កើត​ឱ្យ​មាន​បដិវត្ត​ពណ៌​ ​លើទឹក​ដី​កម្ពុជា​ ​និង​ប្រឆាំង​ដាច់ខាត​ ​នូវ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។​

​កាសែត​ខ្មែរ​ថា​ម​ស៍ ​ពុំអាច​សុំ​ការ​បញ្ជាក់​ពី​លោក​ ​ឈុំ​ ​សុជាតិ​ ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​បន្ថែម​បាន​ឡើយ​កាល​ព​ីម្សិលមិញ​។​

​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​ ​និង​ការ​ស្រាវជ្រាវ​ ​លោក​ ​សេក​ ​សុជាតិ​ ​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ ​កាល​ពីម្សិលមិញ​ថា​ ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​សម្រាប់​នីតិកាល​ទី​៧​ ​ខាងលើ​នេះ​ ​គឺជា​រឿង​ល្អ​ ​ប៉ុន្តែ​កំណែ​ទម្រង់​គួរតែ​ប្រកាន់​គោលជំហរ​មួយ​ ​ដែល​មិន​មែន​កែ​ទម្រង់​សម្រាប់​តែ​ការពារ​បក្សពួក​ ​ឬ​ក្រុម​របស់​ខ្លួន​នោះ​ទេ​។​

​លោក​បន្ថែម​ថា​ ​គួរ​កំណែ​ទម្រង់​កុំ​ឱ្យ​មាន​អំពើពុករលួយ​នៅ​ពេល​ទទួល​បាន​តួនាទី​ ​ឬ​តំណែង​ណាមួយ​ដែល​មាន​ឥទ្ធិពល​ ​ប៉ុន្តែ​បែរជា​យក​តួនាទី​ទាំងនោះ​ទៅ​បង្ក​រ​ផល​ប៉ះពាល់​ដល់​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ​និង​ប៉ះពាល់​ទ្រព្យសម្បត្តិ​ធនធាន​ធម្មជាតិ​ ​ដើម្បី​តែ​ផល​ប្រយោជន៍ផ្ទាល់ខ្លួន​។​

​លោក​បន្ត​ថា​៖​ ​«​ចំពោះ​សមត្ថភាព​របស់​កងទ័ព​ ​គួរតែ​ឯករាជ្យ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ ​ការពារ​ទឹកដី​ ​ឬ​ព្រំដែន​របស់​យើង​។​ ​បើ​សិន​ក្នុង​ករណី​មាន​កងទ័ព​មក​បោះ​ទីតាំង​ក្នុង​ទឹក​ដី​កម្ពុជា​យើង​ដូច​កាល​ជំនាន់​រីក​រាលដាល​ជំងឺ​កូ​វី​ដ-១៩​ ​គួរតែ​មាន​វិធានការ​តឹងរឹង​ចំពោះ​ជនបរទេស​ណា​ ​ដែល​ចូល​មក​រំលោភបំពាន​ដែន​អធិបតេយ្យភាព​ក្នុង​ទឹកដី​កម្ពុជា​ ​គឺ​មិនគួរ​ស្ងប់ស្ងាត់​ដូច​នីតិកាល​មុន​នោះ​ទេ​»​។​

​​លោក​ ​សេក​ ​សុជាតិ​ ​បន្ថែម​ថា​ ​ចំពោះ​បុគ្គល​ដែល​យក​កម្លាំង​ទាហាន​ទៅ​កាង​រំលោភបំពាន​ដីធ្លី​ប្រជាពលរដ្ឋ​ ​
គួរ​តែ​មាន​វិធានការ​យ៉ាង​តឹងរឹង​ដោយ​ដកចេញ​ពី​តួនាទី​ ​ឬ​ព្យួរ​ពី​ការងារ​ ​ដើម្បី​ជា​ការព្រមាន​កុំ​ឱ្យ​ប្រព្រឹត្ត​ទង្វើ​អាក្រក់​បែប​ហ្នឹង​បន្ត​ទៀត​។​

​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល​ ​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​ ​សម្រាប់​ការ​កសាង​ ​និង​ការ​ការពារ​មាតុភូមិ​ឆ្នាំ​២​០​២​៣​-​២​០​២​៨​ ​ត្រង់​ទំព័រ​៣​៦​ ​ចំណុច​ទី​២​ ​បញ្ជាក់​ថា​ ​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​កងយោធពលខេមរភូមិន្ទ​ ​ដើម្បី​លើក​ក​ម្ពស់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​អភិវឌ្ឍ​សមត្ថភាព​កងទ័ព​ទាំង​វិជ្ជាជីវៈ​ ​ទាំង​ស្មារតី​ ​និង​ស​ម្ភារៈ​៕

Related Posts

Previous Article

​លោក​ ​ហ៊ុន​ ​សែន​ ​ប្រកាស​ប្រើ​ទំព័រ​ហ្វេសប៊ុក​ឡើងវិញ​ ​បន្ទាប់ពី​លោក​ប្រកាស​ឈប់​កាលពី​ចុងខែ​មិថុនា​

Next Article

​អាជ្ញាធរ​សាងសង់​ទី​ទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​ពលរដ្ឋ​ក្នុង​តំបន់​ប្រឈម​​ទឹកជំនន់​