មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំតុមូលចិនលើកទី១២ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងអាប៊ុយ ដាប៊ី

ខ្មែរថាមស៍ Share:

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំតុមូលចិនលើកទី១២ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពី “ទស្សនវិស័យអារ៉ាប់ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី” ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងអាប៊ុយ ដាប៊ី (Abu Dhabi) ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីបទពិសោធន៍ និងការចូលជាសមាជិកនៃបណ្តាប្រទេសអារ៉ាប់ ទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក នេះបើយោងតាមក្រសួងពាណិជ្ជកម្មបានបង្ហោះនៅលើ ហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនេះ លោក សុខ សុភ័ក្រ្ត បានចែករំលែកការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងដំណើរការសមាជិកភាព បញ្ហាប្រឈម និងឱកាសដែលទទួលបានក្នុងនាមជាសមាជិក WTO រួមមានកំណើននិងស្ថិរភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទទួលបានទីផ្សារ ការទាក់ទាញការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាការទទួលបានជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើនីតិរដ្ឋ សេរីភាវូបនីយកម្ម ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀង និងកាតព្វកិច្ចក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងកំណែទម្រង់ច្បាប់ និងគោលនយោបាយ ដើម្បីធានាបាននូវប្រព័ន្ធពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងធន់។

លោករដ្ឋលេខាធិការក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រៀមខ្លួនជាស្រេចស្វាគមន៍រាល់សំណើដើម្បីចែករំលែកបទពិសោធន៍របស់យើងជាមួយនឹងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក៕

 

Related Posts

Previous Article

លោក នេត្រ ភក្ត្រា៖ ការ​ចោល​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​នឹង​កាត់​បន្ថយ​បរិមាណ​សំណល់នៅតាមទីវាល​

Next Article

លោក យ៉ង សាំងកុមារ ចុះជួបកសិករនៅខេត្តបន្ទាយមានជ័យ