​​ប​.​ស​.​ស​. ​ស្នើ​សហជីព​ ​អង្គការ​ ​និង​សមាគម​ពាក់ព័ន្ធ​ចូលរួម​ផ្ដល់​មតិ​កែ​លម្អ​រាល់​ចំណុច​ខ្វះខាត​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​ពិធី​ផ្សព្វផ្សាយ​ស្ដីពី​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ ​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ ​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍​ ​និង​អ្នក​ក្នុង​បន្ទុក​សមាជិក​ ​ប​.​ស​.​ស​។​ ​រូប​ភាព​៖​ ​ប​.​ស​.​ស​

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.) ​ស្នើ​តំណាង​សហជីព​ ​អង្គការ​ ​និង​សមាគម​ពាក់ព័ន្ធ​ចូល​រួម​ផ្ដល់​មតិ​កែ​លម្អ​រាល់​ចំណុច​ខ្វះខាត​របស់​ខ្លួន​ ​ដើម្បី​លើក​កម្ពស់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មានគុណ​ភាព​ ​និង​ប្រសិទ្ធ​ភាព​។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្ដីពី​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ ​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ​្រចិត្ត​ ​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍​ ​និង​អ្នក​ក្នុង​បន្ទុក​សមាជិក​ ​ប​.​ស​.​ស​. ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​កាលពី​ថ្ងៃអាទិត្យ​ ​លោក​ ​ម៉េង​ ​ហុង​ ​អគ្គនាយក​ ​ប​.​ស​.​ស​. ​លើកឡើង​ថា​ ​តំណាង​សម្ពន្ធ​សហជីព​ជាតិ​ ​សហ​ព័ន្ធ​សហជីពកម្មករ​សំណង់​ ​និង​ព្រៃ​ឈើ​កម្ពុជា​ ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ ​និង​អង្គការ​ ​សមាគម​ពាក់ព័ន្ធ​នានា​ ​គឺជា​ដៃគូ​យ៉ាង​សំខាន់​របស់​ ​ប​.​ស​.​ស​.​។​

​លោក​បន្ថែម​ថា​ ​ជា​ដៃគូ​សំខាន់​របស់​ ​ប​.​ស​.​ស​. ​ដោយសារ​សហជីព​ ​អង្គការ​ ​សមាគម​ ​និង​ភាគី​ពាក់ព័ន្ធ​ជា​អ្នក​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​ ​និង​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ ​ជាពិសេស​កម្មករ​និយោជិត​ ​ដើម្បី​ទទួល​បាន​ការ​គាំពារ​ ​និង​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ ​និង​រីករាយ​ទទួល​យក​នូវ​សមិទ្ធិ​ផល​នានា​របស់​រដ្ឋាភិបាល​ ​នីតិកាល​ទី​៧​ ​ដែល​បាន​ដាក់​ចេញ​កាល​ពី​កន្លងទៅ​។​

​លោក​ក៏បាន​ស្នើ​តំណាង​សហជីព​ ​អង្គការ​ ​និង​សមាគម​ពាក់ព័ន្ធ​ទាំងអស់​ ​ដែល​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ពិ​សេ​សកម្មករ​និយោជិត​ ​ជួយ​ចូលរួម​ជាម​តិ​កែ​លម្អ​រាល់​ចំណុច​ខ្វះខាត​របស់​ ​ប​.​ស​.​ស​. ​ដើម្បី​ឱ្យ​អង្គភាព​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អាច​ពង្រឹង​សមត្ថភាព​បន្ថែម​ ​និង​បន្ដ​ដំណើរ​ឈាន​ទៅ​មុខ​កាន់​តែ​ល្អ​ប្រសើរ​ ​ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។​

​លោក​ ​ម៉េង​ ​ហុង​ ​បញ្ជាក់​ថា​ ​បើ​សិន​អង្គការ​ ​សមាគម​ ​និង​សហជីព​ពាក់ព័ន្ធ​ទាំងអស់​ ​ដែល​មានបំណង​ចង់​ឈ្វេង​យល់​ពីរ​ប​ប​សន្ដិសុខ​សង្គម​ដែល​កំពុង​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​ ​អាច​អញ្ជើញ​មក​ជួបជុំគ្នា​នៅ​ស្នាក់​ការ​ ​ប​.​ស​.​ស​. ​ដោយ​ផ្ទាល់​ ​ដែល​ ​ប​.​ស​.​ស​. ​នឹង​រៀបចំ​ផ្សព្វផ្សាយ​ជូន​ឱ្យ​ចំ​គោលដៅ​ ​ដែល​ទទួល​បាន​ចំណេះ​ដឹង​គ្រប់​ៗ​គ្នា​ ​ដើម្បី​បន្ដ​ផ្សព្វផ្សាយ​បាន​ឆាប់រហ័ស​ ​ទាន់ពេល​វេលា​ ​អំពី​គោល​នយោបាយ​ចម្បង​សំខាន់​ៗ​របស់​រដ្ឋាភិបាល​ ​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​វិ​ស័​យ​សន្តិសុខ​សង្គម​កម្ពុជា​។​

​អគ្គនាយក​ ​ប​.​ស​.​ស​. ​បន្ថែម​ថា​៖​ ​«​ក្នុងនាម​ ​ប​.​ស​.​ស​. ​ដែល​ជា​សេនាធិការ​របស់​​​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​គឺ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​សហជីព​ ​ក៏ដូចជា​អង្គការ​សមាគម​នានា​ ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ​និង​ធ្វើសកម្មភាព​រួមគ្នា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ជា​ប្រយោជន៍​ជូន​ដល់​បងប្អូន​កម្មករ​និយោជិត​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​»​។​

​លោក​ ​កត្តា​ អ៊​ន​ ​អ្នកនាំពាក្យ​ក្រសួងការងារ​ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ​បាន​ឱ្យ​ដឹង​ថា​ ​ដើម្បី​ការពារ​អត្ថប្រយោជន៍​ជូន​កម្មករ​និយោជិត​ ​ក្រុម​អធិការកិច្ច​នឹង​ចុះ​ស្រាវជ្រាវ​ ​និង​ពិនិត្យ​នៅ​តាម​រោងចក្រ​ ​សហគ្រាស​ណា​ដែល​លាក់បាំង​បុគ្គលិក​ផ្ទុយ​នឹង​ច្បាប់​ការងារ​ ​និង​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ដល់​កម្មករ​និយោជិត​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ក្រសួង​នឹង​ដាក់​ពិន័យ​ចំពោះ​រោងចក្រ​ ​សហគ្រាស​ ​ដែល​លាក់បាំង​បុគ្គលិក​ផ្ទុយ​ទៅ​នឹង​ច្បាប់​ ​ប៉ុន្តែ​បើ​យើង​ដាក់​ពិន័យ​ហើយ​ ​រោងចក្រ​សហគ្រាស​នោះ​នៅតែ​មិន​អនុវត្ត​តាម​ការណែនាំ​ទៀត​ ​យើង​ក៏​អាច​ពិចារណា​បញ្ជូន​សំណុំរឿង​ទាំងនោះ​ទៅ​តុលាការ​ ​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​»​។​

​លោក​ ​កត្តា​ អ៊​ន​ ​បន្ថែម​ថា​ ​ការ​អនុវត្ត​តាម​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន​ ​សហគ្រាស​ ​និង​គ្រឹះស្ថាន​ ​ដែល​មិន​អនុវត្ត​តាមច្បាប់​សម្រាប់​គាំពារ​ពេញលេញ​ដល់​កម្មករ​និយោជិត​ ​ធ្វើ​ឡើង​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​លើក​កម្ពស់​ស្ថិរភាព​សង្គម​នៅ​កម្ពុជា​។​

​លោក​ ​វន​ ​ពៅ​ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA​) ​ប្រាប់​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​អ្វី​ដែល​ ប.ស.ស. ​គួរ​បន្ត​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ឆ្ងាយ​ៗ​ពី​ប្រជុំជន​ ​ដើម្បី​ឱ្យ​យល់​ដឹង​កាន​់តែ​ច្បាស់​ពី​អត្ថប្រយោជន៍​ ​ប​.​ស​.​ស​.​។​

​លោក​បន្ថែម​ថា​ ​ក្រសួង​ក៏​គួរ​ធ្វើ​កម្មវិធី​រៀបចំ​បុគ្គលិក​ផ្នែក​ ​ប​.​ស​.​ស​. ​ចុះទៅ​តាម​មូលដ្ឋាន​ ​ដើម្បី​ជៀសវាង​ប្រជាពលរដ្ឋ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការធ្វើដំណើរ​មក​ទីប្រជុំជន​ ​ដែល​នាំ​ឱ្យ​មាន​ការពិបាក​ទទួល​បាន​សេវា​របប​សន្តិសុខ​សង្គម​តាមរយៈ​ប្រព័ន្ធ​ថែទាំ​សុខភាព​ដោយ​ស្ម័គ្រចិត្ត​។​

​លោក​បន្ត​ថា​ ​ប​.​ស​.​ស​. ​និង​ភាគី​ពាក់ព័ន្ធ​គួរ​ពិនិត្យ​ឡើង​វិញ​ចំពោះ​លទ្ធភាព​បង់​ប្រាក់​ចូល​ ​ប​.​ស​.​ស​.​សម្រាប់​ប្រជាពលរដ្ឋ​ជា​សមាជិក​ ​ជាពិសេស​បុគ្គល​ស្វ័យ​និ​យោជន៍​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ ​និង​ឆាប​់រហ័ស​ជាង​មុន​។​

​លោក​ ​វន​ ​ពៅ​ ​បញ្ជាក់​ថា​៖​ ​«​រដ្ឋ​ក៏​គួរ​ពង្រីក​មន្ទីរ​សុខាភិបាល​សាធារណៈ​ឱ្យ​បាន​ច្រើន​ ​ព្រោះ​មន្ទីរ​សុខាភិបាល​របស់យើង​នា​ពេល​បច្ចុប្បន្ន​ ​សម្រាប់​ពេទ្យ​ធំ​ៗ​មានតែ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ ​ព្រះ​កុសុមៈ ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ ​និង​មន្ទីរពេទ្យ​ព្រះអង្គ​ឌួ​ង​ ​តែប៉ុណ្ណោះ​»​។​

​ប្រធាន​សមាគម​បន្ថែម​ថា​ ​ក្រៅពី​មន្ទីរពេទ្យ​ខាង​លើ​នេះ​ ​មជ្ឈមណ្ឌល​សុខាភិបាល​ជាច្រើន​ផ្សេង​ទៀត​ ​មិន​ទាន់​ពង្រីក​វិសាលភាព​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ ​ព្រោះ​ពួក​គេ​តែង​ត្អូញត្អែរ​ថា​ ​មក​ពិនិត្យ​សុខភាព​ម្ដងៗ​ត្រូវ​ចំណាយ​ពេល​មួយ​ព្រឹក​ ​ហើយ​ពេលខ្លះ​មួយថ្ងៃ​ ​ដែល​នាំ​ឱ្យ​ខាត​ពេល​វេលា​ក្នុង​ការ​ប្រកប​មុខ​របរ​អាជីវកម្ម​៕​​

Related Posts

Previous Article

​ក្រសួង​នឹង​រៀបចំ​មហោ​ស្រព​តន្ត្រី​និង​ចម្រៀង​កុមារ​ពានរង្វាន់​ក្រសួង​ព័ត៌មាន​ដើម្បី​អបអរ​ទិវា​កុមារ​អន្តរជាតិ​

Next Article

​ទី​ផ្សារ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ប៉ាន់ប្រមាណ​ថា​មាន​ទំហំ​ ​១​.​៦​ ​ពាន់​លាន​ដុល្លារ​