​ពលរដ្ឋ​ក្រីក្រ​ជាង​៧​០​គ្រួសារ​នៅ​ខេត្ត​កណ្តាល​បាន​ទទួល​ដី​ពី​រដ្ឋាភិបាល​

​ត​ន​ ​វិបុល​ / Khmer Times Share:
​ប្រជាពលរដ្ឋ​រង់ចាំ​ចាប់ឆ្នោត​យក​ក្បាលដី​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ខេត្ត​កណ្តាល​។​ ​រដ្ឋបាល​ខេត្ត​កណ្តាល

​ពលរដ្ឋ​ក្រីក្រ​ចំនួន​៧​២​គ្រួសារ​នៅ​ខេត្ត​កណ្ដាល​បាន​ទទួល​ដី​ពី​រដ្ឋាភិបាល​សម្រាប់​សង់​លំនៅឋាន។​ ​ពួកគេ​បាន​ចូលរួម​ចាប់ឆ្នោត​យក​ការ​បែង​ចែក​ដី​ឡូ​តិ៍​ដែល​រៀបចំ​ដោយ​រដ្ឋ​ភិ​បាល​ខេត្ត​កណ្ដាល​កាលពី​ថ្ងៃចន្ទ​។​​

មានប្រសាសន៍​ក្នុង​ពិធី​ចាប់ឆ្នោត​ការបែងចែក​ដី​ឡូ​តិ៍​កាលពី​ថ្ងៃចន្ទ​ ​លោក​ ​ហាក់​ ​សុខ​មករា​ ​អភិបាល​រង​ខេត្ត​កណ្តាល​ ​បាន​លើកឡើង​ថា​ ​ពលរដ្ឋ​ទាំងនេះ​មាន​ជីវភាព​ក្រីក្រ​និង​ខ្វះខាត​ដី​សម្រាប់​សង់​លំនៅឋាន​។​ ​

ពួកគេ​ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ថី​ ​ភូមិ​ព្រែក​សំរោង​ ​ភូមិ​ព្រែក​ខ្សៀវ​ ​សង្កាត់​រកា​ខ្ពស់​ ​ក្រុង​តាខ្មៅ​។​

​លោក​ថា​ ​ពលរដ្ឋ​ទាំងនេះ​ជា​ជនរងគ្រោះ​ដោយសារ​តែ​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក​ ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​តាមរយៈ​លោក​ ​គង់​ ​សោភ័ណ្ឌ ​អភិបាល​ខេត្ត​កណ្ដាល​យក​ចិត្តទុក​ដាក់​ជា​ខ្លាំង​។​

​លោក​និយាយ​ថា​៖​ ​«​អភិបាល​ខេត្ត​បាន​ជួយ​ស្វែង​រក​និង​ផ្ដល់​ដី​សម្រាប់​ពួកគេ​សង់​លំនៅឋាន​សមរម្យ​ ​ដើម្បី​ស្ដារ​ស្ថានភាព​រស់នៅ​របស់​ពួក​គេ​បាន​ប្រសើរ​ឡើងវិញ​»​។​

​លោក​បន្ថែម​ថា​៖​ ​«​ចាប់​ពី​ពេល​នេះ​តទៅ​ពួក​គាត់​បាន​ទទួល​ដី​មាន​សុវត្ថិភាព​នៃ​ការ​កាន់​កាប់​ដីធ្លី​របស់​ខ្លួន​ ​និង​មាន​សិទ្ធិ​ប្រើប្រាស់​ផ្តាច់មុខ​ ​ប៉ុន្តែ​កុំ​យក​ដី​នេះ​ទៅ​ប្រើប្រាស់​ក្នុង​បទ​ណាមួយ​ដែល​ច្បាប់​ហាម​ឃាត់​»​។​

​លោក​បាន​ប្រាប់​ពួកគេ​ថា​ ​ការ​ចាប់ឆ្នោត​បែងចែក​ដី​ឡូ​តិ៍​នេះ​ ​គឺជា​ការ​បង្ហាញ​ពី​តម្លា​ភាព​សម្រាប់​ពលរដ្ឋ​ដែល​ខ្វះខាត​ដី​សាងសង់​លំនៅឋាន​។​ ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​យកចិត្តទុកដាក់​ពីសំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​ថ្នាក់​ដឹកនាំ​ខេត្ត​ ​ដើម្បី​ជួយ​ស្ដារ​ជីវភាព​ពួកគេ​បាន​ប្រសើរ​ថែម​មួយ​ក​ម្រិ​ត​។​

​លោក​បន្ត​ថា​៖​ ​«​បន្ទាប់ពី​ការ​ចាប់ឆ្នោត​រួច​ ​ពលរដ្ឋ​អាច​ចាប់​ផ្តើម​ចូល​តាំងទីលំនៅ​លើ​ដី​នេះ​បាន​ភ្លាម​ៗ​»​។​

​លោក​ ​ហាក់​ ​សុខ​មករា​ ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​៧​២​គ្រួសារ​ ​ដែល​បាន​ទទួល​ដី​សម្រាប់​សង់​លំនៅឋាន​ត្រូវ​ខិតខំ​កសាង​លំនៅ​ដ្ឋា​ន​ ​បង្ក​បង្កើន​ផល​ ​ដាំ​ដំណាំ​ ​ដើម្បី​ជីវភាព​របស់​ខ្លួន​រស់នៅ​សមរម្យ​។​

​លោក​ ឈឿ​ង​ ឆូ ​ចៅសង្កាត់​រកា​ខ្ពស់​ ​បាន​បញ្ជាក់​ថា​ ​ពលរដ្ឋ​ដែល​បាន​ទទួល​ដី​ឡូ​តិ៍​តាមរយៈ​ការ​ចាប់​ឆ្នោត​កាល​ពី​ថ្ងៃចន្ទ​ ​ជា​អតីត​ពលរដ្ឋ​ដែល​បាន​រស់នៅ​លើ​មាត់​ព្រែក​ ​ហើយ​ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​បាក់​ស្រុត​ចូល​ព្រែក​ដោយសារតែ​គ្រោះ​ទឹក​ជំនន់​ដែល​ហូរ​ខ្លាំង​។​

​លោក​និយាយ​ថា​៖​ ​«​ទឹកជំនន់​ហូរ​មក​ធ្វើ​ឱ្យ​បាក់​ច្រាំង​ ​ផ្ទះ​ពួកគេ​ស្រុត​ចូលក្នុង​ព្រែក​ ​ហើយ​ពួក​គេ​បាន​រៀបចំ​តាំងទីលំនៅ​ជា​បណ្ដោះអាសន្ន​ដោយ​ដំបូល​ប្រក់​កៅស៊ូ​តង់​តិ៍ ​នៅក្បែរ​ទីតាំង​ដែល​ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាក់​ស្រុត​ចូល​ព្រែក​»​។​

​លោក​បញ្ជាក់​ថា​ ​ដំបូង​ឡើយ​លោក​អភិបាល​ខេត្ត​មាន​គម្រោង​ធ្វើ​ផ្ទះ​សម្រាប់​ពួកគេ​រស់នៅ​ ​ប៉ុន្តែ​ដោយសារ​តែ​មិន​មានលទ្ធភាព​គ្រប់គ្រាន់​ ​ដូច្នេះ​លោក​បាន​សម្រេច​ចែក​ដី​ឡូ​តិ៍​សម្រាប់​ពួកគេ​សង់​លំនៅឋាន​រស់នៅ​ ​ខណៈ​កន្លងមក​ពួកគេ​បាន​ទទួល​សំណង់​ជា​ថវិកា​ចន្លោះ​ពី​មួយ​ម៉ឺន​ដុល្លារ​ទៅ​ពីរ​ម៉ឺន​ដុល្លារ​ពី​រដ្ឋាភិបាល​តាម​គ្រួសារ​តូច​គ្រួសារ​ធំ​។​

​លោក​បន្ថែម​ថា​ ​ពួកគេ​មាន​សេចក្ដីរីករាយ​នៅ​ពេល​បាន​ទទួល​ដី​ពី​រដ្ឋាភិបាល​សម្រាប់​សង់​លំនៅឋាន​។​ ​ដី​ដែល​ចែក​ជូន​ពួកគេ​នោះ​ជា​ដី​ដែល​បាន​ចុះបញ្ជី​របស់​រដ្ឋ​។​

​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​បង្ហាញ​ថា​ ​ផ្ទះ​ពលរដ្ឋ​ចំនួន​៦​១​ខ្នង​ផ្ទះនៅ​ភូមិ​ព្រែក​ថី​ ​និង​ភូមិ​ព្រែក​សំរោង​ ​សង្កាត់​រកា​ខ្ពស់​ ​ក្រុង​តាខ្មៅ​ ​ខេត្ត​កណ្ដាល​ ​បាន​រង​ផល​ប៉ះពាល់​ពី​ការ​បាក់​ស្រុត​ដី​ជាប់​ព្រែក​ ​ខណៈ​ផ្ទះ​ពលរដ្ឋ​ចំនួន​៦​ខ្នង​បាន​បាក់​ចូល​ព្រែក​និង​ផ្ទះ​ពលរដ្ឋ​ផ្សេងទៀត​ដែល​នៅ​ជាប់មាត់​ព្រែក​តម្រូវ​ឱ្យ​រុះរើ​ចេញ​៕​​

Related Posts

Previous Article

​ក្រសួងយុត្តិធម៌​ ​ពិនិត្យ​និង​វាយ​តម្លៃ​វឌ្ឍនភាព​របស់​ក្រុម​ការងារ​ព័ត៌មាន​ ​និង​ទំនាក់ទំនង​សាធារណៈ​

Next Article

​ក្រុម​នាដកា​អង្គរ​សក្ដិ​សិទ្ធ​នឹង​ធ្វើការ​សម្តែង​ដ៏​ធំ​នៅ​ពិធី​ខួប​ ​៣​៥​ ​ឆ្នាំ​ ​នៃ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​