ចិនពិចារណាក្នុងការ​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា

Khmer Times Share:

ក្រុមហ៊ុន Wuxi Capital Group Co., Ltd របស់ប្រទេសចិន ចាប់អារម្មណ៍ក្នុងការបណ្តាក់ទុននៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ(SEZ)។

លោក ចាង វ័យមីន (Zhang Weimin) អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Wuxi Capital Group Co., Ltd. បានបង្ហាញពីគោលបំណងនេះ ក្នុងជំនួបជាមួយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោកថា ក្រុមហ៊ុនចិននឹងសហការជាមួយ ក្រុង អ៊ូស៊ី (Wuxi) ដើម្បីវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ខណៈដែលទីក្រុងអ៊ូស៊ី និងខេត្តជាំងស៊ូ បានចងសម្ព័ន្ធភាពជាមួយខេត្តព្រះសីហនុ និងក្រុងព្រះសីហនុ។

លោក ឡុង ឌីម៉ង់ បានស្វាគមន៍ចំពោះគោលបំណងវិនិយោគរបស់ក្រុមហ៊ុន និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសចិនចំពោះការវិនិយោគរបស់កម្ពុជាលើគ្រប់វិស័យ។

លោកអភិបាលរងខេត្តបានជម្រាបជូនភ្ញៀវអំពីសក្ដានុពលនៃការវិនិយោគរបស់ខេត្តព្រះសីហនុ ស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រ ចក្ខុវិស័យនៃកំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍន៍ផ្លូវដែក ក៏ដូចជាផែនការមេក្នុងការប្រែក្លាយខេត្តទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងគំរូ។

ខេត្តព្រះសីហនុ បាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ហើយត្រូវបានគេរំពឹងថានឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញចម្រុះអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ដ៏ប្រណិត និងទីក្រុងឆ្លាតវៃនៅកម្ពុជា។

លោកបានបន្ថែមថា ឯកឧត្តមបណ្ឌិត​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដាក់ចេញនូវ​កម្មវិធី​ពិសេស​មួយ​ដើម្បី​ជំរុញ​ការ​វិនិយោគ​របស់​ខេត្ត​នៅ​ឆ្នាំ​២០២៤។ AKP

Related Posts

Previous Article

ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នឹងកាន់តែមានភាពសប្បាយរីករាយ

Next Article

អាជ្ញាធរជាតិអប្សរា បើកកម្មវិធីបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស ក្នុងឆ្នាំ២០២៤