កម្ពុជា​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ៥,៤​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣

Khmer Times Share:

ក្រសួងទេសចរណ៍បានបង្ហាញនៅក្នុងរបាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៤៣ លាននាក់ ក្នុងឆ្នាំ២០២៣ ដែលកើនឡើងខ្ពស់ដល់ ១៣៩ ភាគរយ ពី ២,២៧លាននាក់ ក្នុងឆ្នាំ២០២២។

ប្រភព​បាន​គូសបញ្ជាក់​ថា ប្រទេស​ថៃ​បាន​ឈរ​កំពូល​តារាង​ក្នុង​ចំណោម​ភ្ញៀវ​បរទេស​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ១,៨២ លាន​នាក់ តាម​ពីក្រោយ​ដោយ​ប្រទេស​វៀតណាម (១,០១ លាន​នាក់) ចិន (៥៤៧ ៧៨៩នាក់) ឡាវ (៣៧២ ២៨៥នាក់) និង​សហរដ្ឋអាមេរិក (១៨៤ ៧៨០នាក់)។

របាយការណ៍ដដែលបានបន្ថែមថា ភ្ញៀវទេសចរបរទេសសរុបចំនួន ១,៨៦ លាននាក់បានមកដល់កម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ ខណៈភ្ញៀវទេសចរផ្សេងទៀត បានចូលប្រទេសតាមច្រកព្រំដែនគោក និងតាមផ្លូវទឹក ។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ។

យោងតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៧ លាននាក់ នៅឆ្នាំ២០២៥ លើសពីមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ដែលមានចំនួន ៦,៦ លាននាក់ ក្នុងឆ្នាំ២០១៩។

ប្រទេសកម្ពុជា មានភាពល្បីល្បាញចំពោះរមណីដ្ឋានបេតិកភណ្ឌវប្បធម៌ពិភពលោក ដូចជា ឧទ្យានបុរាណអង្គរក្នុងខេត្តសៀមរាប ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ និងរមណីដ្ឋានបុរាណសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។

ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា មានឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រ លាតសន្ធឹងលើខេត្តភាគនិរតីចំនួន ៤ គឺ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​មុន​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​កម្ពុជា​បាន​កើន​ឡើង ៨៧ ភាគរយ​ គឺចំនួន ១,៨១ លាន​នាក់៕ AKP

Related Posts

Previous Article

រថយន្ត​ភីកអាប់​បុករះ បណ្តាល​ឲ្យ​មនុស្សស្លាប់ចំនួន​៤​នាក់​

Next Article

អាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បើកកម្មវិធីអប់រំបេតិកភណ្ឌ នៅសាលាបឋមសិក្សាវត្តលលៃ