​កម្ពុជា​ស្នើ​ឥណ្ឌា​ជួយ​បណ្ដុះបណ្ដាល​នគរបាល​លើ​ជំនាញ​បច្ចេកវិទ្យា​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​លោកស្រី​ ​D​e​v​y​an​i​ U​t​t​am​ K​h​o​brag​a​d​e​ ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ ​នាយ​ឧត្តមសេនីយ៍​ ​ស​ ថេ​ត​ ​អគ្គស្នងការ​នគរបាល​ជាតិ​។​ ​ ​ រូបភាព​៖​ ​អគ្គស្នងការ​នគរបាល​ជាតិ​

​កម្ពុជា​ ​តាមរយៈ​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​ស្នើ​រដ្ឋាភិបាល​ឥណ្ឌា​ ​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​ទំនើប​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​។​

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ ដេ​វី​យ៉ានី​ ​អ៊ុ​តាំ ខូ​ប្រា​ហ្គេ​ត​ (​D​e​v​y​an​i​ U​t​t​am​ K​h​o​brag​a​d​e​) ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ​នៅ​ក្រសួងមហាផ្ទៃ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​នាយ​ឧត្តមសេនីយ៍​ ​ស​ ថេ​ត​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​លើកឡើង​ពី​កិច្ច​ខិតខំ​របស់​នគរបាល​ជាតិ​កម្ពុជា​ ​ដែល​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់​ស្កាត់បទល្មើស​លួច​ឆ្លង​ដែន​គ្រប់​ប្រភេទ​ ​និង​បទល្មើស​មាន​ការចាត់តាំង​ ​ជាពិសេស​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡា​ញ​។​

​នាយ​ឧត្តមសេនីយ៍​ ​ក៏បាន​ស្នើ​ភាគី​ឥណ្ឌា​ ​ពិនិត្យ​លទ្ធភាព​បង្កើត​យន្ត​ការ​ទំនាក់ទំនង​ផ្តល់​ព័ត៌មាន​ទៅវិញ​ទៅ​មក​ពាក់ព័ន្ធ​មុខសញ្ញា​សង្ស័យ​ ​ឬ​ខ្សែរយៈ​បណ្តាញ​ឱ្យ​បាន​ទាន់​ពល​វេលា​ ​និង​ច្បាស់លាស់​ ​ដើម្បី​ធានា​ដល់​ការ​ចាត់​វិធានការ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​ទាន់ពេល​វេលា​។​

​នាយ​ឧត្តមសេនីយ៍​ ​ក៏បាន​ស្នើ​រដ្ឋាភិបាល​ឥណ្ឌា​ ​លើក​ក​ម្ពស់​សមត្ថភាព​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ ​តាមរយៈ​ការ​ផ្តល់​អាហារូបករណ៍​បញ្ជូន​ទៅ​បណ្តុះបណ្តាល​លើ​មុខ​ជំនាញ​បច្ចេកវិទ្យា​ទំនើប​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​និង​បទល្មើស​ពាក់ព័ន្ធ​។​

​លោកស្រី​ ដេ​វី​យ៉ា​នី​ ​អ៊ុ​តាំ ខូ​ប្រា​ហ្គេ​ត​ ​បាន​សម្តែង​ការ​អប​អ​សាទរ​ចំពោះ​នាយ​ឧត្តមសេនីយ៍​ ​ស​ ថេ​ត​ ​ដែល​ត្រូវ​បានតែងតាំងជា​អគ្គស្នងការ​នគរបាល​ជាតិ​ ​និង​បាន​លើក​ឡើង​​ពី​កិច្ចការ​ងារ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ​ដើម្បី​ធានា​សន្តិសុខ​ ​សណ្តាប់ធ្នាប់​ ​និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត​។​

​លោកស្រី​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ​ដែល​បាន​ផ្តល់​កិច្ច​សហ​ការបាន​ យ៉ាង​ល្អ​ជាមួយ​តំណាង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឥណ្ឌា​ ​ដែល​រងគ្រោះ​ដោយ​អំពើ​ឆបោក​ជាច្រើន​នាក់​ក្នុង​ពេល​កន្លងមក​។​

​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ ​ក៏បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​ក្រសួងមហាផ្ទៃ​ ​ក៏ដូចជា​អគ្គនាយកដ្ឋាន​ចំណុះ​ពាក់ព័ន្ធ​ ​ដែល​បាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ឥណ្ឌា​ ឱ្យ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​ប្រទេស​កំណើត​វិញ​ដោយ​គ្មាន​ការ​ផាក​ពិន័យ​ ​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់​នៅ​លើស​ទិដ្ឋាការ​។​

​លោកស្រី​ ដេ​វី​យ៉ា​នី​ ​អ៊ុ​តាំ ខូ​ប្រា​ហ្គេ​ត​ ​បាន​សន្យា​ជាមួយ​នាយ​ឧត្តមសេនីយ៍​ ​ស​ ថេ​ត​ ​នឹង​នាំ​រាល់​សំណូមពរ​ពាក់ព័ន្ធ​ការ​បណ្តុះ​បណ្តាល​កសាង​ធនធានមនុស្ស​លើ​បច្ចេកវិទ្យា​ទំនើប​ ​ទៅកាន់​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​ដើម្បី​ពិនិត្យ​លទ្ធភាព​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​។​

​លោក​ គិ​ន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​បើ​គិត​តាំងពី​អតីតកាល​ ​រហូតដល់​បច្ចុប្បន្ន​ ​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​ឥណ្ឌា​ ​គឺ​មាន​ភាព​ល្អ​ប្រសើរ​ ​មាន​ស្ថិរភាព​ ​និង​និរន្តរភាព​។​

​លោក​បញ្ជាក់​ថា​ ​មូលហេតុ​ដែល​មាន​ស្ថិរភាព​ ​និង​និរន្តរភាព​ ​ព្រោះ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​នេះ​ ​មិនដែល​អាក់​ខាន​ជាមួយ​គ្នា​នោះ​ទេ​ ​ទោះ​កម្ពុជា​មានការ​ប្រែប្រួល​បរិ​បទ​នយោបាយ​ក៏ដោយ​។​

​លោក​បន្ត​ថា​ ​សូម្បី​កាលពី​ឆ្នាំ​១​៩​៧​៩​ ​និង​ឆ្នាំ​១​៩​៨​០​ ​ដែល​កម្ពុជា​នៅ​តែ​បន្ត​មាន​វិបត្តិនយោបាយ​ក្នុង​ប្រទេស​ ​ក៏​រដ្ឋាភិបាល​ឥណ្ឌា​ ​ពុំដែល​កាត់ផ្ដាច់​ការទូត​ជាមួយ​កម្ពុជា​ឡើយ​ ​ដូច្នេះ​ឥណ្ឌា​ ​គឺជា​ប្រទេស​តែមួយ​នៃ​ប្រទេស​សេរី​ដែល​ទទួលស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​ ​ក្រោយ​ថ្ងៃ​កម្ពុជា​រំ​ដោះចេញ​ពីរ​ប​ប​កម្ពុជាប្រជាធិបតេយ្យ​ឆ្នាំ​១​៩​៧​៩​។​

​លោក​ គិ​ន​ ​ភា​ ​បន្ថែម​ថា​៖​ ​«​សាធារណ​រដ្ឋ​​ឥណ្ឌា​ ​ក៏​បាន​រួម​ចំណែក​ជាច្រើន​​លើ​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា​ ​ជាពិសេស​ជួយ​កម្ពុជា​លើ​ការ​អភិវឌ្ឍ​វិ​ស​័​យ​ធន​ធាន​មនុស្ស​ វិ​ស​័​យ​វប្បធម៌​ ​សុខាភិ​បាល​ ​ធនធាន​ទឹក​ ​ការ​ជួស​ជុល​ប្រាសាទ​ខ្មែរ​នៅ​កម្ពុជា​ ​និង​គាំទ្រ​កម្ពុជា​លើ​វ​ិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​»​។​

​កាលពី​ឆ្នាំ​២​០​២​៣​ ​រដ្ឋាភិបាល​ឥណ្ឌា​ ​បាន​សន្យា​ពង្រីក​វិសាលភាព​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​បច្ចេកទេស​ក្នុង​វិ​ស​័​យ​សុខាភិបាល​នៅ​កម្ពុជា​ ​ដើម្បី​គាំទ្រ​ផែនការ​អាទិភាព​របស់​​​ក្រសួងសុខាភិបាល​ ​និង​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ជំរុញ​វិ​ស​័​យ​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​។​

​ក្នុង​នោះ​ ​រដ្ឋាភិបាល​ឥណ្ឌា​ ​នឹង​ពិនិត្យ​លទ្ធភាព​ផ្ដល់​រូបភាព​ពី​ផ្កាយរណប​សម្រាប់​ព្យាករ​ទឹកជំនន់​ក្នុង​រដូវវស្សា​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​សន្យា​បណ្ដុះ​បណ្ដា​ធនធានមនុស្ស​លើ​វិ​ស​័​យ​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​ដែល​ជា​សេនាធិការ​របស់​​​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​នៅ​កម្ពុជា​ផង​ដែរ​។​

​រដ្ឋាភិបាល​ឥណ្ឌា​ ​ក៏បាន​គាំទ្រ​លើ​ការងារ​ស្ដារ​ ​និង​អភិរក្ស​ប្រាសាទបុរាណ​នៅ​កម្ពុជា​ ​ជាពិសេស​សកម្មភាព​បោស​ស​ម្អា​ត​មីន​ ​ដើម្បី​លើកស្ទួយ​វិ​ស​័​យ​វប្បធម៌​ ​និង​ចូលរួម​សកម្មភាព​កម្ពុជា​គ្មាន​មីន​នៅ​ត្រឹម​ឆ្នាំ​២​០​២​៥​៕​​

Related Posts

Previous Article

នាយក​រដ្ឋ​ម​ន្រ្តី​អប​អរសាទរ​ដល់​ជយលាភី​នៃ​កម្មវិធី​ប្រឡង​សរសេរ​តាម​អាន​ថ្នាក់​ជាតិ​

Next Article

​ការ​ប្រកួត​សរសេរ​តាម​អាន​ ​«​សំណេរ​អង្គរ​»​ ​លើកដំបូង​ប្រារព្ធ​ធ្វើ​រ​នៅ​ប្រាសាទអង្គរវត្ត​