​កម្ពុជា​ប្រមូល​ពន្ធ​បាន​ជិត ​៦​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ​២​០​២​៣​

C​h​e​a​ ​Van​y​u​t​h​ / Khmer Times Share:

​កម្ពុជា​រកចំណូល​បាន​ពី​ពន្ធ​គ្រប់​ប្រភេទ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ចំនួន​ ​៥​,​៩​ ​ពាន់​លាន​ដុល្លារ​ ​ធ្លាក់ចុះ​ ​៣​,​៩​ ​ភាគរយ​ ​បើ​ធៀប​នឹង​ ​៦​,​១​៤​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​នេះ​បើ​យោង​តាម​របាយការណ៍​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃសុក្រ​។​

​កម្ពុជា​មាន​ស្ថាប័ន​ចំនួន​ពីរ​​​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ប្រមូល​ពន្ធ​។​ ​មួយ​គឺ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ដែល​ផ្តោត​លើ​ការ​យកពន្ធ​ក្នុងស្រុក​ ​រួម​ទាំង​ពន្ធ​លើ​ប្រាក់ចំណូល​ ​ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ ​ពន្ធ​លើ​តម្លៃ​បន្ថែម​ ​និង​ពន្ធ​អចល​ន​ទ្រព្យ​ ​ចំណែក​ស្ថាប័ន​មួយទៀត​គឺ​ ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​ដែល​ផ្តោត​លើ​ការ​ប្រមូល​ពន្ធ​លើ​ទំនិញ​នាំចូល​ ​និង​នាំចេញ​។​

​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​រកចំណូល​បាន​ ​៣​,​៦​១​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​ ​៤​,​៥​ ​ភាគរយ​ពី​ ​៣​,​៤​៥​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២​ ​។​ ​ពន្ធ​ដែល​ប្រមូល​បាន​ ​៣​,​៦​១​ ​ពាន់​លាន​ដុល្លារ​នេះ​បាន​ធានា​ឱ្យ​នាយកដ្ឋាន​សម្រេច​បាន​ ​១​០​១​ ​ភាគរយ​នៃ​គោលដៅ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​។​

​សម្រាប់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​រកចំណូល​បាន​ ​២​,​២​៨​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ថយ​ចុះ​ ​១​៥​,​៧​ ​ភាគរយ​ធៀប​នឹង​តួលេខ​ឆ្នាំ​២​០​២​២​ ​ដែល​មាន​ចំនួន​ ​២​,​៦​៧​ ​ពាន់​លាន​ដុល្លារ​។​ ​លោក​ ​គុណ​ ​ញឹម​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​បាន​និយាយ​ថា​ ​នេះ​បណ្តាលមកពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ ​រួម​ទាំង​ការ​ធ្លាក់ចុះ​នៃ​ការនាំចូល​រថយន្ត​។​

​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​កាលពី​ថ្ងៃសុក្រ​ ​លោក​ ​គុណ​ ​ញឹម​ ​បាន​បាន​ចាត់ទុកថា​ ​ការ​ធ្លាក់ចុះ​ចំណូល​ពន្ធ​ដោយសារតែ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​អា​ស៊ាន​ ​និង​កំណើន​នៃ​ផលិតកម្ម​ក្នុងស្រុក​ ​ដែល​នាំ​ឱ្យ​ការនាំចូល​ធ្លាក់ចុះ​។​ ​លោក​ក៏បាន​លើកឡើង​ថា​ ​អង្គភាព​មួយ​ចំនួន​បាន​គេច​វេ​ស​មិន​បង់ពន្ធ​។​

​លោក​បាន​បន្ត​ថា​ “​នៅ​ឆ្នាំ​២​០​២​៣​ ​ដោយសារ​យើង​ប្រមូល​ពន្ធ​បាន​ត្រឹមតែ​ ​២​,​២​៨​ ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ​យើង​សម្រេច​បាន​ត្រឹមតែ​ ​៨​២​,​៤​ ​ភាគរយ​នៃ​គោលដៅ​ប្រចាំ​ឆ្នាំ​របស់យើង​” ​។​

​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ​័ត្ន ​បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ពន្ធដារ​ក្នុង​ការ​ប្រឈម​នឹង​ការលំបាក​ផ្សេងៗ​។​

​លោក​បាន​លើកឡើង​ថា​ “​យើង​បាន​ប្រឈម​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ ​រួម​ទាំង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ​សង្គ្រាមអូសបន្លាយ​ ​ភាព​តានតឹង​ភូមិសាស្ត្រនយោបាយ​ ​ដែល​បាន​រំខាន​ដល់​ការ​​​ដឹកជញ្ជូន​ ​និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ​និង​តម្រូវ​ការ​អ្នកប្រើប្រាស់​”​។​

Related Posts

Previous Article

ទោះបីជា​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក៏ដោយ​ ​ពលរដ្ឋ​ខ្មែរ​បាន​រត់​គេច​ចូលព្រៃ​ក្នុង​ប្រទេស​ថៃ

Next Article

​ការ​អង្គុយ​នៅ​កន្លែងធ្វើការ​ជុំគ្នា​ធ្វើ​ឱ្យ​ជំងឺរាតត្បាត​លេច​រូបរាង​ឡើងវិញ​