សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​រំពឹង​ថា​នឹង​មាន​កំណើន ​៦,៤ ​ភាគរយ​នៅ​ឆ្នាំ​២០២៤

Khmer Times Share:
ឡាន​ដឹក​ទំនិញ​បើក​ចេញ​ពី​ផែ​ស្ងួត ហុង ឡេង​ហួរ នៅ​ជាយក្រុង​ខាងលិច​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២។ រូបថត​ដោយ ភារម្យ/ស៊ីនហួ

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,៤ ភាគរយ នៅឆ្នាំ២០២៤ កើនឡើងពី ៥,៥ ភាគរយ នៅឆ្នាំ២០២៣ ដែលភាគច្រើនត្រូវបានជំរុញដោយវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល។

លោកស្រីបានថ្លែងនៅក្នុងសុន្ទរកថា នាឱកាសពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាដែលមានរយៈពេលពីរថ្ងៃថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថានឹងប្រឈមមុខនឹងហានិភ័យទាំងខាងក្នុង និងខាងក្រៅ នៅឆ្នាំនេះ។

យោងតាមលោកស្រីទេសាភិបាលបានឱ្យដឹងថា ហានិភ័យខាងក្រៅដែលអាចកើតមានរួមមានការធ្លាក់ចុះនៃលំហូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ក៏ដូចជាភាពមិនប្រាកដប្រជានៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ខណៈដែលហានិភ័យខាងក្នុងអាចជាការស្ទុះងើបឡើងវិញយឺតក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយសារលំហូរនៃការវិនិយោគបរទេសទាប និងការប្រែប្រួលអាកាសធាតុ។

លោក ម៉ី កល្យាណ ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា និងជាប្រធានវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា បាននិយាយថា រដ្ឋាភិបាលកំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីកែលម្អបរិយាកាសធុរកិច្ច ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសជំនាញអនុវត្តជាក់ស្តែង។

លោកបានប្រាប់សារព័ត៌មានស៊ីនហួ ថា “វិធានការទាំងនេះនឹងពន្លឿនកំណើនសេដ្ឋកិច្ច ស្របពេលជាមួយគ្នានេះធានានូវភាពធន់នឹងសេដ្ឋកិច្ច និរន្តរភាព បរិយាប័ន្ន និងការប្រកួតប្រជែង” ។

លោក កល្យាណ បាននិយាយថា វិធានការទាំងនេះក៏នឹងជួយកម្ពុជាទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ច៕ Xinhua

Related Posts

Previous Article

កម្ពុជា​ស្នើដល់​បែលហ្សិកឱ្យ​បន្ត​កិច្ច​សហប្រតិបត្តិការ​ដើម្បី​សម្រេច​បាន​គោលដៅ​គ្មាន​មីន​ត្រឹម​ឆ្នាំ​២០២៥

Next Article

ក្រុមហ៊ុន Grab និងក្រុមហ៊ុន Heineken សហការគ្នាដាក់ចេញគំនិតផ្តួចផ្តើមដើម្បីសុវត្ថិភាព