​ក្រសួង​បរិស្ថាន​គ្រោង​បង្កើត​ស្ថានីយ​បណ្តុះ​កូនឈើ​ខ្នាត​អន្តរជាតិ​ក្នុង​ខេត្ត​ចំនួន​បួន​នៅ​កម្ពុជា​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​និង​មន្ត្រី​រាជការ​នៃ​ក្រសួង​បរិស្ថាន​ ​ស្ថិត​ក្នុង​ថ្នាល​បណ្តុះ​កូនឈើ​មួយ​។​ ​ ​រូបភាព​៖​ ​ក្រសួង​បរិស្ថាន​

​ក្រសួង​បរិស្ថាន​គ្រោង​បង្កើត​ស្ថានីយ​បណ្តុះ​កូនឈើ​ខ្នាត​អន្តរជាតិ​ចំនួន​បួន​កន្លែងនៅ​ខេត្ត​កំពង់ស្ពឺ​ ​កោះ​កុង​ ​សៀមរាប​ ​និង​ត្បូងឃ្មុំ​។​ ​នេះ​ជា​ការ​បង្កើត​បន្ថែម​ពីលើ​ថ្នាល​បណ្តុះ​កូនឈើ​ ​ដែល​មន្ទីរ​បរិស្ថាន​កំពុង​រៀបចំ​តាម​ភូមិ​សា​ស្រ្ត​រៀងៗខ្លួន​ ​ដើម្បី​ចែក​ជូន​ពលរដ្ឋ​យកទៅ​ដាំ​តាម​គេហដ្ឋាន​និង​តាម​សហគមន៍​។​

​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ដូចនេះ​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ជំនាញ​របស់​​​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃចន្ទ​ ​នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន​។​

​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​បាន​ថ្លែង​ថា​ ​ស្ថានីយ​បណ្តុះ​កូនឈើ​ដែល​មាន​លក្ខណៈ​ស្ដង់​ដា​ទាំងបួន​នោះ​អាច​មាន​សមត្ថភាព​បណ្តុះ​កូនឈើ​និង​ចែក​ជូន​ពលរដ្ឋ​យកទៅ​ដាំ​តាម​ប្រភេទ​នីមួយៗ​ ​ដូចជា​ការ​បណ្តុះ​កូនឈើ​តូច​ៗ​ជូន​ពលរដ្ឋ​យ៉ាងតិច​ជាង​មួយលាន​ដើម​ ​ដើម្បី​យកទៅ​ដាំ​តាម​គេហដ្ឋាន​ ​តាម​មូលដ្ឋាន​ ​និង​តាម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​។​

​លោក​ថា​ ​កូនឈើ​ដែល​បណ្ដុះ​និង​ថែទាំ​ដោយ​ស្ថានីយ​ខ្នាត​អន្តរជាតិ​ទាំង​នោះ​ ​ក៏​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ដាំ​នៅ​តាម​ទីក្រុង​ផង​ដែរ​ ​ដើម្បី​បង្កើត​សោភ័ណ​ទីក្រុង​ស្អាត​ដោយ​ភាព​បៃតង​។​

​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​បាន​និយាយ​ថា​៖​ ​«​ស្ថានីយ​បណ្តុះ​កូនឈើ​ខ្នាត​អន្តរជាតិ​នឹង​ទាក់ទាញ​បានការ​សិក្សាស្រាវជ្រាវ​ពី​ពូជ​ឈើ​ ​ជីវៈ​ចម្រុះ​ ​និង​ជាពិសេស​ការ​បង្កើត​បាន​នូវ​ទេសចរណ៍​គោលដៅ​ក​ម្សាន្ត​បៃតង​»​។​

​លោក​បន្ថែម​ថា​ ​ផែនការ​ក្រៅពី​ថ្នាល​បណ្តុះ​កូនឈើ​ ​ក្រសួង​គ្រោង​រៀបចំ​ទីតាំង​ក​ម្សាន្ត​បែប​ខ្មែរ​ ​កន្លែង​បោះតង់​ ​និង​បំភ្លឺ​ដោយ​អំពូល​សូ​ឡា​ជូន​ពលរដ្ឋ​ក្នុង​តំបន់​ ​ដើម្បី​ពួកគេ​រកចំណូល​បាន​តាមរយៈ​ការ​យក​ថ្លៃ​សេវាកម្ម​ទេសចរណ៍​ដោយ​អនុវត្ត​គោលការណ៍​ស្អាត​និង​តម្លៃ​សមរម្យ​ចំពោះ​ភ្ញៀវ​ទេសចរ​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​គម្រោង​បង្កើត​ស្ថានីយ​បណ្តុះ​កូនឈើ​នៅ​ក្នុង​ខេត្ត​ទាំងបួន​ ​ដើម្បី​ជំរុញ​ភាព​បៃតង​ ​ដែល​ជា​ចំណុច​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ចំណុច​ទាំង​បី​នៃ​យុទ្ធ​សា​ស្រ្ត​ច​ក្រា​វិ​ស​័​យ​បរិស្ថាន​ឆ្នាំ​២​០​២​៣​-​២​០​២​៨​ ​ដែល​កំពុង​ផ្សព្វផ្សាយ​ ​ព្រមទាំង​អនុវត្ត​យ៉ាងសកម្ម​ដើម្បី​ជំរុញ​កម្ពុជា​ក្លាយ​ជា​ប្រទេស​អព្យាក្រឹត​កា​បូ​ន​នៅ​ឆ្នាំ​២​០​៥​០​»​។​

​កន្លងមក​ក្រសួង​បរិស្ថាន​បាន​បង្កើត​យុទ្ធនាការ​ ​១​០​ ​តុលា​ ​ចែក​កូន​ឈើ​ដល់​ពលរដ្ឋ​យកទៅ​ដាំ​ចំនួន​មួយលាន​ដើម​ក្នុង​មួយ​ឆ្នាំ​ ​ដោយ​ចាប់ពី​ពាក់​កណ្តាល​ឆ្នាំនេះ​ទៅ​។​ ​វា​ជា​យុទ្ធនាការ​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​ដាំ​ដើមឈើ​ឱ្យ​ច្រើនជាង​ការ​កាប់​បំផ្លាញ​។​

​ជាមួយនឹង​គ្នា​នោះ​ ​ក្រសួង​បរិស្ថាន​ក៏បាន​ដាក់​វិធានការ​បួន​ចំណុច​ដែល​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​ការ​ទប់​ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​កម្ពុជា​ឱ្យ​បាន​ចំនួន​៦​០​ភាគរយ​នៅ​ឆ្នាំ​២​០​៥​០​។​

​លោក​ ​ស៊ុន​ ​គង់​ ​ប្រធានមន្ទីរ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​ ​បាន​បញ្ជាក់​ថា​ ​សៀមរាប​ជា​ខេត្ត​គោលដៅ​មួយ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​គម្រោង​បង្កើត​ស្ថានីយ​បណ្ដុះ​កូនឈើ​ខ្ន​ត​អន្តរជាតិ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​បី​ហិកតា​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ ​ស្ថិត​ក្នុង​ឃុំ​ត្បែង​ ​ស្រុក​បន្ទាយស្រី​។​

​លោក​ថា​ ​ស្ថានីយ​បណ្ដុះ​កូនឈើ​ដែល​មាន​លក្ខណៈ​ស្ដង់​ដា​នេះ​មាន​សមត្ថភាព​បណ្ដុះ​និង​ថែទាំ​កូនឈើ​ចម្រុះ​មាន​ទាំង​កូនឈើ​ព្រៃ​និង​កូនឈើ​ហូប​ផ្លែ​ប្រមាណ​មួយលាន​ដើម​ក្នុង​មួយ​ឆ្នាំ​តាម​ផែនការ​គ្រោងទុក​របស់​​​ក្រសួង​បរិស្ថាន​។​

​លោក​បាន​ថ្លែង​ថា​ ​លោក​មិនទាន់​ដឹង​នៅឡើយ​ទេ​ចំពោះ​ចំនួន​ថវិកា​ត្រូវ​ចំណាយ​ក្នុង​គម្រោង​បង្កើត​ស្ថានីយ​បណ្ដុះ​កូនឈើ​ខ្នាត​អន្តរជាតិ​។​

​លោក​ ​ស៊ុន​ ​គង់​ ​បាន​និយាយ​ថា​៖​ ​«​តាម​គម្រោង​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​តម្រូវ​ឱ្យ​មន្ទីរ​បរិស្ថាន​អនុវត្ត​គម្រោង​បណ្ដុះ​ចំនួន​មួយលាន​ដើម​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ទូទាំង​រាជធានី​ខេត្ត​ ​និង​ដាំ​ចំនួន​មួយលាន​ដើម​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ទូទាំង​ប្រទេស​»​។​

​លោក​បន្ថែម​ថា​៖​ ​«​សម្រាប់​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​បាន​រៀបចំ​ថ្នាល​បណ្ដុះ​កូន​ចំនួន​ប្រាំ​ទីតាំង​ ​ដើម្បី​ចែក​ជូន​អង្គភាព​ពាក់ព័ន្ធ​ ​ប្រជា​សហគមន៍​ ​និង​វត្តអារាម​យកទៅ​ដាំ​។​ ​ដោយឡែក​កូនឈើ​ដែល​បណ្ដុះ​ដោយ​គម្រោង​របស់​ស្ថានីយ​ខ្នាត​អន្តរជាតិ​នឹង​ចែក​ជូន​ពលរដ្ឋ​យកទៅ​ដាំ​នៅ​តាម​គេហដ្ឋាន​ ​តាម​សហគមន៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ​តាម​ទី​សាធារណៈ​ ​និង​តាម​ទីតាំង​ដែល​អាច​ស្ដារ​គម្រប​ព្រៃឈើ​ឡើងវិញ​បាន​»​។​

​លោក​ ​ហេង​ ​គឹម​ហុង​ ​ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ​យល់ឃើញ​ថា​ ​ការ​បង្កើត​ស្ថានីយ​បណ្ដុះ​កូនឈើ​ខ្នាត​អន្តរជាតិ​ ​ជា​គម្រោង​ល្អ​ដែល​គួរ​បាន​ទទួល​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ប៉ុន្តែ​ការ​បង្កើត​ស្ថានីយ​នេះ​គួរតែ​មាន​លក្ខណៈ​ពេញលេញ​និង​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការចូលរួម​ពីសំណាក់​សិស្ស​និស្សិត​និង​អ្នកជំនាញ​វិទ្យាសាស្ត្រ​ផ្សេងៗ​ ​ដើម្បី​សិក្សាស្រាវជ្រាវ​ ​ក៏ដូចជា​ការ​បង្កាត់ពូជ​ដើមឈើ​។​

​លោក​និយាយ​ថា​ ​ក្រសួង​គួរតែ​បង្កើន​ធនធានមនុស្ស​បន្ថែម​ទៀត​ ​ក៏ដូចជា​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្ស​និស្សិត​ ​ដើម្បី​ចូលរួម​បង្កាត់​និង​បណ្ដុះ​កូនឈើ​។​

​លោក​យល់ថា​៖​ ​«​វា​ជា​យន្ត​ការ​មួយ​ដែល​ធ្វើ​ឱ្យ​ការ​បង្កើត​ស្ថានីយ​បណ្ដុះ​កូន​ឈើ​ខ្នាត​អន្តរជាតិ​ប្រព្រឹត្តទៅ​ដោយ​រលូន​និង​មាន​គំនិតច្នៃប្រឌិត​ខ្ពស់​។​ ​យើង​ចង់​ឱ្យ​ស្ថានីយ​មួយ​នេះ​បង្កាត់ពូជ​ឈើ​ដែល​បាន​បាត់បង់​ ​និង​ការ​បង្កាត់ពូជ​ឈើ​ថ្មីៗ​បន្ថែម​ទៀត​ ​ដែល​ឆ្លើយតបនឹង​បទដ្ឋាន​ព្រៃឈើ​នៅ​កម្ពុជា​»​។​

​បន្ថែម​លើស​ពី​នេះ​ ​លោក​ចង់​ឱ្យ​ស្ថានីយ​នេះ​ជំរុញ​ការប្រកួតប្រជែង​នានា​ដែល​ទាក់ទង​នឹង​វិ​ស​័​យ​ព្រៃឈើ​ ​ដើម្បី​ធានា​ថា​ការសិក្សា​អំពី​វិ​ស​័​យ​ព្រៃឈើ​នៅ​កម្ពុជា​មាន​ក​ម្រិ​ត​រីក​ចម្រើន​៕​​​

Related Posts

Previous Article

​ក្រុម​នាដកា​អង្គរ​សក្ដិ​សិទ្ធ​នឹង​ធ្វើការ​សម្តែង​ដ៏​ធំ​នៅ​ពិធី​ខួប​ ​៣​៥​ ​ឆ្នាំ​ ​នៃ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​

Next Article

​អូស្ត្រាលី​ចង់​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​