​ឆ្នាំនេះ​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​នៅ​ភ្នំពេញ​មាន​ជាង​ ​៥​០​០​ករណី​ ​និង​បង្ក្រាប​បាន​ ​៤​៥​៩​ករណី​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​មន្ត្រី​ប៉ូលិស​កំពុង​បំេពញ​ភារកិច្ច​។​ ​ខ្មែរ​ថា​ម​ស៍​៖​ ​យ៉​ន ​សូវៀត​

​ក្នុង​ឆ្នាំ​២​០​២​៣​ ​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​នៅ​ភ្នំពេញ​មាន​ ​៥​៣​១​ករណី​ ​និង​ម្ចាស់ការ​បង្ក្រាប​បទល្មើស​សរុប​បាន​ចំនួន​ ​៤​៥​៩​ករណី​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ ​និង​ធានា​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិ​សាស្ត្រា​រាជធានី​ភ្នំពេញ​។​

​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​២​៣​ ​និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២​០​២​៤​ ​នៅ​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃសុក្រ​ ​លោក​ ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​លើក​ឡើង​ថា​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​យក​ចិត្ត​ទុកដាក់​អនុវត្ត​គោល​នយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ ​ដើម្បី​រក្សា​សន្តិសុខ​ ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ​និង​សង្គមជាតិ​។​

​លោក​បន្ថែម​ថា​ ​ឆ្នាំ​២​០​២​៣​ ​ក្នុង​រាជធានី​ភ្នំពេញ​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ ​៥​៣​១​ករណី​ ​គឺ​ថយ​ចុះ​ ​៣២​ករណី​ ​ស្មើនឹង​៥​.​៧​% ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២​០​២​២​។​

​ក្នុង​នោះ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ម្ចាស់ការ​បង្ក្រាប​បទល្មើស​ទាំង​នេះ​សរុប​ចំនួន​ ​៤​៥​៩​ករណី​ ​ស្មើនឹង​ ​៨​៦​.​៤​៤​% ​នៃ​ចំនួន​បទល្មើស​រួម​ ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​សញ្ញាណ​វិជ្ជមាន​នៃ​ការ​ថយ​ចុះ​ចំនួន​បទល្មើស​ព្រហ្មទណ្ឌ​ ​និង​ការ​បង្ក្រាប​បទល្មើស​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។​

​លោក​បន្ថែម​ថា​ ​សម្រាប់​ការងារ​ច្បាប់​ ​និង​ការ​ដោះស្រាយ​វិវាទមូល​ដ្ឋា​ន​ ​អាជ្ញាធរ​រាជធានី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ ​និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ ​៩​១​ករណី​ ​ក្នុង​នោះ​សំណុំរឿង​ចំនួន​ ​៣​៤​ករណី​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​ ​និង​សំណុំរឿង​ចំនួន​ ​៥​៧​ករណី​ផ្សេងទៀត​កំពុង​ពិនិត្យ​ ​និង​បញ្ជូន​ទៅ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​។​

​លោក​បញ្ជាក់​ថា​ ​ទោះ​សមិទ្ធផល​ខាង​លើ​មាន​ភាព​ល្អ​ប្រសើរ​ ​ប៉ុន្តែ​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​បង្ក្រាប​ ​និង​លុបបំបាត់​ការ​ធ្វើ​ចរាចរ​ ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​ការ​ផ្តល់​សេវា​សាធារណៈ​ ​យន្ត​ការ​ផ្តល់​ជំនួយ​សង្គម​ជូន​ប្រជាពលរដ្ឋ​ក្រី​ក​ ​និង​ជន​ងាយ​រងគ្រោះ​ ​ជាពិសេស​ពង្រឹង​គុណភាព​អប់រំ​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ ឃួ​ង​ ​ស្រេង​ ​បន្ថែម​ថា​ ​ទន្ទឹម​នឹង​លទ្ធផល​ដែល​សម្រេច​បានជា​វិជ្ជមាន​ ​រដ្ឋបាល​រាជធានី​បន្ត​ប្រមូលផ្តុំ​កម្លាំង​សរុប​ ​មធ្យោបាយ​សរុប​ ​និង​វិធានការ​សរុប​ ​ដើម្បី​បន្ត​គ្រប់គ្រង​ ​និង​ដោះស្រាយ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ​លើ​ការងារ​អាទិភាព​សំខាន់​ៗ​ ​ពិសេស​ការ​បំពេញ​តួនាទី​ភារកិច្ច​ក្នុង​នាម​ជា​ ​អ្នក​បម្រើ​សេវា​សាធារណៈ​ប្រកបដ​ោយ​តម្លា​ភាព​ ​ប្រសិទ្ធ​ភាព​ ​និង​សមធម៌​។​

​លោក​ ​ប្រាក់​ ​សំអឿន​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​បាន​ឱ្យ​ដឹង​ថា​ ​កងកម្លាំង​មានសមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ​ ​គឺជា​ស្នូល​ ​និង​ជា​បង្អែក​របស់​ប្រជាជន​ ​ដែល​ត្រូវ​លើ​ក​កម្ពស់​ប្រសិទ្ធ​ភាព​ក្នុង​ការ​បង្ការ​ ​ទប់​ស្កាត់​ ​និង​បង្ក្រាប​អំពើ​ភេរវកម្ម​ ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ​។​

​លោក​បន្ថែម​ថា​ ​អាជ្ញាធរ​ត្រូវ​ទប់​ស្កាត់​បទល្មើស​សម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​បទល្មើស​បច្ចេកវិទ្យា​ ​បទល្មើស​គ្រឿង​ញៀន​ ​ខុស​ច្បាប់​ ​និង​អំពើ​ជួញ​ដូរ​មនុស្ស​គ្រប់​ទម្រង់​ ​ព្រមទាំង​ប្រឆាំង​រាល់​សកម្មភាព​ដែល​ប៉ុនប៉ង​ ​បង្ក​នូវ​អសន្តិសុខ​ក្នុង​សង្គម​ ​និង​ការ​ផ្សព្វផ្សាយ​ពត៌មាន​មិន​ពិត​ ​ឬ​តាម​បណ្តាញ​សង្គម​។​

​លោក​ ​ប្រាក់​ ​សំអឿន​ ​បាន​ក្រើន​រំលឹក​ឱ្យ​ទប់​ស្កាត់​ការ​បង្កើត​កងកម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ ​ឬ​ការ​បង្កើត​តំបន់​អប្ប​គម​ន៍ ​ព្រមទាំង​ប្រឆាំង​រាល់​ឧបាយកល​សកម្មភាព​ ​នៃ​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​។​

​លោក​ក៏បាន​ជំរុញ​រដ្ឋបាល​រាជធានី​ ​បន្ត​ទប់​ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​លួច​ ​ឆក់​ ​ប្លន់​ ​ការ​ប្រើប្រាស់​ ​និង​ជួញ​ដូរ​គ្រឿង​ញៀន​ខុសច្បាប់​ ​ល្បែង​ ​ស៊ីសង​ខុស​ច្បាប់​ ​ការ​ជួញ​ដូរ​មនុស្ស​តាម​គ្រប់​ទម្រង់​ ​ការ​ជំរិត​ទារ​ប្រាក់​ ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ ​បច្ចេកវិទ្យា​ ​និង​សកម្មភាព​ក្មេង​ទំនើង​ជាដើម​។​

​លោក​ ម៉ប់ ​សារិន​ ​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ ​បាន​ជំរុញ​រដ្ឋបាល​ខណ្ឌ​ទាំង​១​៤​ ​ដែល​មាន​ការិយាល័យ​អប់រំ​ ​យុវជន​ ​និង​កីឡា​ខណ្ឌ​ ​ដែល​ធ្វើជា​សេនាធិការ​ត្រូវ​ខិតខំ​កែ​លម្អ​ការ​ផ្តល់​សេវា​អប់រំ​ធ្វើ​កិច្ច​សហការ​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​ ​ដើម្បី​ឈាន​ទៅ​លុបបំបាត់​ក្រុម​ក្មេង​ទំនើង​ ​បង​តូច​បង​ធំ​ ​និង​បញ្ហា​គ្រឿងញៀន​ក្នុង​សាលារៀន​។​

​លោក​បន្ថែម​ថា​ ​សម្រាប់​ឆ្នាំ​២​០​២​៤​ ​រដ្ឋបាល​រាជធានី​បាន​កំណត់​ទិសដៅ​ ​ភារកិច្ច​ ​និង​ការទទួលខុសត្រូវ​រួមគ្នា​ ​ដើម្បី​ត្រៀមលក្ខណៈ​លើ​ការងារ​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​សណ្តាប់ធ្នាប់​សង្គម​ ​ជាពិសេស​ទប់​ស្កាត់​បទល្មើស​ពាក់ព័ន្ធ​នានា​។​

​លោក​បន្ត​ថា​ ​នៅ​ឆ្នាំ​២​០​២​៤​ ​អាជ្ញាធរ​បាន​ត្រៀម​ចូលរួម​សហការ​គាំទ្រ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ ​នីតិកាល​ទី​៥​ ​និង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​-​ខេត្ត​ ​ក្រុម​ប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ​ ​អាណត្តិ​ទី​៤​ ​ដើម្បី​ធានា​សន្តិសុខ​ ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ជូន​ប្រជាពល​រដ្ឋ​៕​

Related Posts

Previous Article

គណៈកម្មាធិការ​​​ដឹកនាំ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​បាន​បង្កើត​ឡើង

Next Article

​គណៈកម្មាធិការ​ជាតិ​គ្រោះ​មហន្តរាយ​ ​ស្នើ​រដ្ឋាភិបាល​​ ផ្ដោ​ត​លើ​ឧបករណ៍​ពន្លត់​អគ្គីភ័យ​សម្រាប់​អគារ​ខ្ពស់​ៗ​