​រដ្ឋាភិបាល​ណែនាំ​រដ្ឋបាល​ស្រុក​​ទទួល​បុគ្គលិក​អប់រំ​ដែល​ត្រូវ​ផ្ទេរ​ទៅ​ថ្នាក់​ក្រោម​ជាតិ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​សិស្ស​នៅ​សាលាបឋមសិក្សា​មួយ​នៅ​រាជធានី​ភ្នំពេញ​។​ ​ខ្មែរ​ថា​ម​ស៍​៖​ ​ប៉ាន​ ​រចនា

​រដ្ឋាភិបាល​ ​តាមរយៈ​ក្រសួង​មុខងារ​សាធារណៈ​ ​ក្រសួង​មហាផ្ទៃ​ ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ណែនាំ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ត្រូវ​ចេញ​ដីកា​ទទួល​បុគ្គលិក​អប់រំ​ដែល​ត្រូវ​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​ដើម្បី​ធានា​ឱ្យ​ការ​បើក​ប្រាក់​បៀវត្ស​ ​និង​ការ​គ្រប់គ្រង​បុគ្គលិក​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ចាប់ពី​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​។​​

ក្នុង​សេចក្ដីណែនាំ​អន្តរ​ក្រសួង​ស្ដីពី​ ​កា​របើក​ផ្ដល់​បៀវត្ស​ ​និង​ការ​គ្រប់គ្រង​ការផ្ទេរ​បុគ្គលិក​អប់រំ​ទៅ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​កាលពី​ថ្ងៃពុធ​បាន​ឱ្យ​ដឹង​ថា​ ​ដើម្បី​ធានា​ឱ្យ​ការ​បើក​ប្រាក់​បៀវត្ស​ ​និង​ការ​គ្រប់គ្រង​មាន​ប្រសិទ្ធ​ភាព​ ​ម​ន្ទី​រ​​​ ​​​អ​ង្គ​ភា​ព​​​ពា​ក់​ព័​ន្ធ​​​ ​​​និង​​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ត្រូវ​អនុវត្ត​ផ្អែកលើ​តារាង​ទូទាត់​បៀវត្ស​ផ្តល់​ដោយ​ក្រសួង​មុខងារ​សាធារណៈ​ ​និង​ប្រើប្រាស់​ឥណទាន​ដែល​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ផ្ដល់​ទៅ​ឱ្យ​។​​

ការ​អនុវត្ត​ផ្អែកលើ​តារាង​ទូទាត់​បៀវត្ស​ខាងលើ​នេះ​ ​ធ្វើឡើង​សម្រាប់​បន្ទុក​បុគ្គលិក​គ្រូបង្រៀន​ ​នៃ​សាលា​ម​ត្តេយ្យ​សិក្សា​ ​សាលា​បឋម​សិក្សា​ ​ព្រមទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ ​និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ ​ដែល​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​។​

​ក្នុង​សេចក្ដីណែនាំ​បន្ថែម​ថា​ ​កា​របើក​ផ្តល់​បៀវត្ស​ដល់​បុគ្គលិក​អប់រំ​ ​ត្រូវ​អនុវត្ត​តាម​គណនី​ធនាគារ​របស់​បុគ្គលិក​អប់រំ​ធ្លាប់​ប្រើ​កន្លងមក​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការផ្លាស់ប្តូរ​ធនាគារ​នោះ​ទេ​។​

​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ត្រូវ​រក្សា​ប្រក្រតី​ភាព​ ​និង​និរន្តរភាព​ការងារ​នៅ​តាម​សាលា​ម​ត្តេយ្យ​សិក្សា​ ​សាលាបឋមសិក្សា​ ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ ​និង​អង្គភាព​នីមួយៗ​ ​ដោយ​មិន​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ ​ឬ​ការផ្ទេរ​មន្ត្រី​នៅ​តាម​សាលា​ ​មជ្ឈមណ្ឌល​ ​និង​អង្គភាព​ទាំងនោះ​ឡើយ​។​

​ចំពោះ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ត្រូវ​ចេញដីកា​ទទួល​បុគ្គលិក​អប់រំ​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ដោយមាន​ការ​បញ្ជាក់​អំពី​អង្គភាព​បំ​ពេញការ​ងារ​របស់​បុគ្គលិក​អប់រំ​ ​ផ្អែកលើ​បញ្ជី​ឈ្មោះ​ផ្តល់​ដោយ​មន្ទីរអប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​ដែល​មានការ​ឯកភាព​ពី​មន្ទីរ​មុខងារ​សាធារណៈ​ ​និង​ស្ថានភាព​ជាក់ស្តែង​របស់​បុគ្គលិក​អប់រំ​ដែល​កំពុង​បំ​ពេញការ​ងារ​តាម​សាលា​ម​ត្តេយ្យ​សិក្សា​ ​សាលាបឋម​សិក្សា​ ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ ​ឬ​អង្គភាព​រដ្ឋបាល​ចំណុះ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​។​

​លោក​ ​ង៉ា​ន់ ​ចំរើន​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (គ.ជ.អ.ប.) ​បាន​ឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​ពិនិត្យ​ពិភាក្សា​ ​គ.ជ.អ.ប​ ​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​ ​និង​ថវិកា​ឆ្នាំ​២​០​២​៤​ ​ដែល​មាន​លទ្ធផល​រំពឹង​ទុក​ចំនួន​៣​៤​ ​សកម្មភាព​ជា​អាទិភាព​ចំនួន​៨​៧​ ​និង​សូចនា​ករ​ចំនួន​១​៣​៩​ ​ក្រោម​ថវិកា​ប៉ាន់ស្មាន​ប្រមាណ​ជិត​ ​១​ ​៨​០​០​លាន​ដុល្លារ​។​

​លោក​បន្ថែម​ថា​ ​ថវិកាជាតិ​ដែល​គ្រោង​ជិត​ ​១​ ​៨​០​០​ដុល្លារ​ ​គឺ​មានការ​កើន​ឡើង​ចំនួន​ ​២​០​% ​នៃ​ថវិកាជាតិ​សរុប​ ​ដែល​ត្រូវ​ទម្លាក់​ពី​ថ្នាក់​ជាតិ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោក​បន្ត​ថា​ ​ក្នុង​ចំណោម​ចំនួន​ថវិកា​ខាង​លើ​នេះ​ ​នឹង​បែង​ចែង​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​រាជធានី​ ​ខេត្ត​មាន​ជាង​ ​៧​០​០​លាន​ដុល្លារ​ ​ហើយ​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ជាង​ ​៧​៣​០​លាន​ដុល្លារ​ ​និង​ជាង​ ​៣​០​០​លាន​ដុល្លា ​សម្រាប់​ទម្លាក់​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ ​ឃុំ​ ​សង្កាត់​។​

​លោក​ ​ង៉ា​ន់ ​ចំរើន​ ​បញ្ជាក់​ថា​ ​មូលហេតុ​ដែល​រដ្ឋាភិបាល​បង្កើន​ថវិកាជាតិ​រហូតដល់​ ​២​០​% ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​ដោយសារ​ក្នុង​ឆ្នាំ​២​០​២​៤​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ផ្ទេរ​មុខងារ​ការងារ​គ្រប់គ្រង​សាលា​ម​ត្តេយ្យ​សិក្សា​ ​សាលា​បឋម​សិក្សា​ ​និង​គ្រូ​បង្រៀន​ប្រមាណ​ ​៦​ម៉ឺន​នាក់​ ឱ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជា​អ្នកគ្រប់គ្រង​។​

​លោក​ ​ឡាំ​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ​ ​និង​គោល​នយោបាយ​ (​A​P​I​) ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ផ្ទេរ​សិទ្ធិ​អំណាច​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ​ ​ជាពិសេស​ការ​បង្កើន​ថវិកា​ ​បង្កើន​ចំនួន​មន្ត្រី​ ​បង្កើន​ធនធាន​មនុស្ស​ ​និង​សិទ្ធិ​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ​ ​កម្ពុជា​បាន​អនុវត្ត​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​ប៉ុន្តែ​មិន​ទាន់​ដល់ក​ម្រិ​ត​ផ្ទេរ​បាន​ច្រើន​នៅឡើយ​។​

​លោក​បន្ថែម​ថា​ ​ការងារ​ទាំងនេះ​ ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​តែ​ឯង​បានទេ​ ​ព្រោះ​ការ​ធ្វើ​វិមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ​ ​គឺ​ទាមទារ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ ​ជាពិសេស​អង្គការសង្គម​ស៊ីវិល​ វិ​ស​័​យ​ឯកជន​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោក​ ​ឡាំ​ ​សុជាតិ​ ​បន្ត​ថា​ ​ការងារ​វិជ្ឈ​មកា​រ​ ​គឺជា​ការផ្ទេរ​សិទ្ធិ​អំណាច​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្នាក់ក្រោម​ជាតិ​ ​ដើម្បី​ដោះស្រាយបញ្ហា​ ​និង​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស​ ​ងាយស្រួល​ ​និង​កាន់​តែ​បង្ខិត​ទៅ​ជិត​ប្រជាពលរដ្ឋ​ ​ដូច្នេះ​ទាល​់តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទើប​ការងារ​មាន​ប្រសិទ្ធ​ភាព​៕​

Related Posts

Previous Article

ឆ្នាំ​ផ្លាស់ប្តូរ​ប្រជាជន​ ​និង​ប្រជា​ន​កម្ពុជា​-​ចិន​ឆ្នាំ​២​០​២​៤​ ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​និង​វិនិ​យោគិន​ចិន​កាន់តែ​ច្រើន​

Next Article

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ចេញ​បទបញ្ជា​ផ្អាក​ជ្រើសរើស​មន្ត្រី​រាជការ​ឆ្នាំ​២​០​២​៤​