​រដ្ឋាភិបាល​កម្ពុជា​ ​ស្នើ​ជប៉ុន​ ​ពិនិត្យ​លទ្ធភាព​សាង​សង់ស្ពាន​ឆ្លង​ទន្លេ មេគង្គ​ពី​ក្ដី​តា​កុយ​ ​ទៅ​អរិយ​ក្សត្រ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​ទីក្រុង​អរិយ​ក្សត្រ​ ​ថត​ពី​អាកាស​។​ ​ រូបភាព​៖​ ​សាលា​រាជធានី​ភ្នំពេញ​

​រដ្ឋាភិបាល​កម្ពុជា​ ​ស្នើ​រដ្ឋាភិបាល​ជប៉ុន​ ​ពិនិត្យ​លទ្ធភាព​ជួយ​សាង​សង់ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ពី​ក្ដី​តា​កុយ​ ​ឆ្ពោះ​ទៅ​អរិយ​ក្សត្រ​ ​ដើម្បី​កាត់បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ ​និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការធ្វើដំណើរ​។​

​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ជំហាន​ទី​១​ ​នៅ​ក្រុង​ព្រះ​សី​ហ​នុ ​កាលពី​ថ្ងៃសុក្រ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​ ​ដោយសារ​ជប៉ុន​ ​ជា​ប្រទេស​ជឿនលឿន​លើ​វិ​ស័​យ​ហេដ្ឋារចនាសម្ពន្ធ​ ​ផ្លូវ​ ​ស្ពាន​ ​ស្នើ​ជប៉ុន​ ​រៀបចំ​កម្មវិធី​ផ្លាស់ប្តូរ​ចំណេះ​ដឹង​ ​ជំនាញ​ ​បទ​ពិសោធ​ ​និង​បច្ចេកវិទ្យា​លើ​ហេដ្ឋារចនាសម្ពន្ធ​រវាង​កម្ពុជា​-​ជប៉ុន​ ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ ​ផ្លូវ​ ​ស្ពាន​ ​នៅ​កម្ពុជា​ឱ្យ​មានប្រសិទ្ធិភាព​ប្រសើរ​ឡើង​។​

​លោក​បន្ថែម​ថា​ ​ជា​សក្ខីភាព​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​នូវ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន​ ​ព្រមទាំង​ដាក់ទិស​ដៅ​សម្រាប់​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​គឺ​ស​បញ្ជាក់​ថា​ ​ជប៉ុន​ ​គឺជា​មិត្ត​ដ៏​សំខាន់​របស់​កម្ពុជា​ ​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​តាំងពី​អតីតកាល​ ​រហូត​បច្ចុប្បន្ន​កាល​ ​និង​បន្ត​ទៅ​អនាគត​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​៖​ ​«​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​ខ្ញុំ​សូម​ស្នើ​ដល់​មិត្ត​ជប៉ុន​ ​តាមរយៈ​អនុ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ដឹកជញ្ជូន​ ​និង​ទេសចរណ៍​ជប៉ុន​ ​ជួយ​ដល់​ការ​គាំទ្រ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ ​ផ្លូវ​ ​ស្ពាន​ ​បន្ថែម​ទៀត​»​។​

​លោក​នាយករដ្ឋមន្ត្រី​បន្ត​ថា​៖​ ​«​ជួយ​គាំទ្រ​បន្ថែម​ទៀត​ ​គឺ​មាន​ដូចជា​គម្រោង​ពង្រីក​ ​និង​លើក​ក​ម្ពស់​ក​ម្រិ​ត​គុណភាព​ផ្លូវជាតិ​លេខ​១​ ​ទៅដល់​ស្ពាន​អ្នក​លឿង​ ​និង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ក្តី​តា​កុយ​ ​ឆ្ពោះ​ទៅ​អរិយ​ក្សត្រ​ ​ដែល​បច្ចុប្បន្ន​ចាយ​កា​ (J​I​CA​) ​បាន​ពិនិត្យ​ការ​ស្នើសុំ​របស់​​​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ហើយ​»​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​ ​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្ពោធ​សមិទ្ធផល​ ​និង​បើក​ការដ្ឋាន​សាងសង់​សមិទ្ធផល​ជាច្រើន​ ​ក្រោម​ការ​គាំទ្រ​ថវិកា​ពី​ជប៉ុន​ ​ដែល​នេះ​ជា​សមិទ្ធផល​កើត​ចេញពី​ទំនាក់ទំនង​ល្អ​ប្រសើរ​រវាង​កម្ពុជា​-​ជប៉ុន​ ​ជាពិសេស​អបអរ​សាទរ​ខួប​៧​០​ឆ្នាំ​ ​នៃ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​។​

​លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ឱ្យ​ដឹង​ថា​ ​ជប៉ុន​ ​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ ​ដែល​ជានិច្ចកាល​បាន​ជួយ​កម្ពុជា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ​ដើម្បី​អភិវឌ្ឍ​វិ​ស័​យ​ជាច្រើន​ ​ហើយ​កម្ពុជា​បាន​ចាត់​ទុក​ជប៉ុន​ ​គឺជា​មិត្ត​ដ៏​ល្អ​។​

​លោក​បន្ត​ថា​ ​ការ​ជួយ​របស់​ជប៉ុន​ ​គឺ​មាន​ច្រើន​លើ​គ្រប់​វិ​ស​័​យ​ ​ជាពិសេស​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ ​ស្ពាន​ ​កំពង់ផែ​ ​និង​ការ​អភិវឌ្ឍ​នៅ​កំពង់ផែ​ស្វយ័ត​ ​ក្រុង​ព្រះ​សី​ហ​នុ ​ជាដើម​។​

​លោក​បញ្ជាក់​ថា​ ​សមិទ្ធផល​សំខាន់​ៗ​របស់​កម្ពុជា​នា​ពេលនេះ​ ​គឺ​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រមុខរដ្ឋាភិបាល​កម្ពុជា​តាំងពី​អាណត្តិ​មុន​ ​រហូត​មក​ដល់​អាណត្តិ​បច្ចុប្បន្ន​ ​ជាមួយនឹង​ការ​រួម​ចំណែក​ដោយ​មិន​អាច​ខ្វះ​បាន​ពី​ជប៉ុន​ ​ដែល​ជា​ដៃគូ​យុទ្ធ​សា​ស្រ្ត​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។​

​លោក​ ​ចេង​ ​មុនី​រ៉ា​ ​អភិបាល​ខណ្ឌ​ច្បារអំពៅ​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​គម្រោង​សាង​សង់​ស្ពាន​ពី​ក្ដី​តា​កុយ​ ​ឆ្ពោះទៅ​អរិយ​ក្សត្រ​ ​គឺ​ទាំង​រដ្ឋបាល​ខណ្ឌ​ ​ក៏​ដូច​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ច្បារអំពៅ​ ​និង​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ពាក់ព័ន្ធ​ ​បាន​រីករាយ​សាទរ​ចំពោះ​គម្រោង​ដ៏​មាន​សារៈសំខាន់​ ​និង​មាន​អត្ថប្រយោជន៍​មួយ​នេះ​។​

​លោក​បញ្ជាក់​ថា​៖​ ​បច្ចុប្បន្ន​ ​ដើម្បី​ទៅ​អរិយ​ក្សត្រ​បាន​ ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ ​ត្រូវ​ឆ្លងស្ពាន​កោះ​ន​រា​ ​ម​កកោះ​ពេជ្រ​ ​ហើយ​នៅ​ពេល​ដល់​កោះ​ពេជ្រ​ ​ត្រូវ​បន្ត​ទៅ​អរិយ​ក្សត្រ​»​។​

​លោក​បន្ត​ថា​ ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ ​ចង់បាន​សមិទ្ធផល​បែប​នេះ​ ​ដូច្នេះ​ ​សូម​គោរព​ថ្លែង​អំណរគុណ​ចំពោះ​លោកនាយក​រដ្ឋ​ន្ត្រី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​ជានិច្ចកាល​តែង​គិត​គូ​ពី​ស្ថាបនា​ ​និង​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ ​ជាពិសេស​ក្នុង​ក្របខណ្ឌ​នៅ​ទូទាំង​ប្រទេស​។​

​លោក​អភិបាល​ខណ្ឌ​បន្ថែម​ថា​ ​នៅ​ពេល​សាង​សង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ពី​ក្ដី​តា​កុយ​ ​ទៅ​អរិយ​ក្សត្រ​ ​សម្រេច​បាន​ជាស្ថាពរ​ ​នឹង​ជួយ​កាត់​បន្ថយ​ចំណាយ​ពេល​វេលា​ធ្វើ​ដំណើរ​ ​កាត់​បន្ថយ​ថវិកា​ ​ព្រោះ​បើ​បន្ត​ជិះ​ផ្លូវវាង​ ​គឺ​ខាត​ពេល​វេលា​ច្រើន​ ​ហើយ​បើ​បន្ត​ឆ្លង​ដរ​ត្រូវ​បង់​ថវិកា​រ​បន្ថែម​ទៀត​។​

​លោក​ ​ចេង​ ​មុនី​រ៉ា​ ​បញ្ជាក់​ថា​ ​និយាយ​ជា​រួម​ការ​សាង​សង់ស្ពាន​ពី​ក្ដី​តា​កុយ​ ​ទៅ​អរិយ​ក្សត្រ​ ​គឺ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ច្រើន​ ​និង​លើក​ក​ម្ពស់​សេដ្ឋកិច្ច​បន្ថែម​ទៀត​។​

​កាល​ពី​ថ្ងៃសុក្រ​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ប្រកាស​ព័ត៌មាន​ថា​ ​ជប៉ុន​ ​បាន​មើលឃើញ​ពី​ចក្ខុវិស័យ​វែង​ឆ្ងាយ​នៃ​ការ​​​ដឹកនាំ​កម្ពុជា​ ​ដើម្បី​ឆ្ពោះទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​ ​បាន​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ៗ​ជាបន្តបន្ទាប់​បន្ថែម​ទៀត​ ​ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុទ្ធ​សា​ស្រ្ត​គ្រប់ជ្រុងជ្រោយ​ ​ដែល​មាន​ចំណងមិត្តភាព​ការទូត​អាយុកាល​ ​៧​០​ឆ្នាំ​៕​

Related Posts

Previous Article

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជា​ចាត់វិធានការ​គ្រូបា​រ​មី​ចូល​រូប​ដែល​ធ្វើ​កំពុង​សកម្មភាព​បំពុល​សង្គម​

Next Article

​សង្កាត់​ស្លា​កែ​ត​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​