​ក្រសួងធម្មការ​ ​និង​សាសនា​ ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ ​សាសនា​សម្រាប់​អនុវត្ត​នៅ​តាម​មូលដ្ឋាន​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
សកម្មភាពក្នុងកិច្ចប្រជុំគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃ​រដ្ឋសភា និងក្រសួងធម្មការ និងសាសនា នៅវិមានរដ្ឋសភា កាលពីថ្ងៃចន្ទ។ រូបភាព៖ ក្រសួងធម្មការ និងសាសនា

​ក្រសួងធម្មការ​ ​និង​សាសនា​ ​បាន​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ ​សាសនា​នៅ​កម្ពុជា​ ​ដើម្បី​ដាក់​ឱ្យ​អនុវត្ត​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ក្នុង​គោលបំណង​លើក​ក​ម្ពស់​សីលធម៌​ ​និង​សុជីវធម៌​ក្នុង​ក្របខណ្ឌ​ពុទ្ធចក្រ​ ​និង​អាណាចក្រ​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​អប់រំ​ ​យុវជន​ ​កីឡា​ ​ធម្មការ​ ​សាសនា​ ​វប្បធម៌​ ​វិចិត្រ​សិល្បៈ ​និង​ទេសចរណ៍​ ​នៃ​រដ្ឋសភា​ ​នៅ​វិមានរដ្ឋ​សភា​ ​កាលពី​ថ្ងៃចន្ទ​ ​លោក​ ​ចាយ​ ​បូ​រិន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងធម្មការ​ ​និង​សាសនា​ ​បាន​លើកឡើង​ពី​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ ​ដែល​ក្រសួង​ត្រូវ​បន្ត​អនុវត្ត​សម្រាប់​រដ្ឋាភិបាល​នីតិកាល​ទី​៧​។​

​លោក​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ក្រសួងធម្មការ​ ​និង​សាសនា​ ​បាន​បន្ត​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ ​សាសនា​នៅ​កម្ពុជា​ ​ដើម្បី​ដាក់​ឱ្យ​អនុវត្ត​សម្រាប់​ថ្ងៃខាងមុខ​។​ ​ក្នុង​នោះ​ ​ក្រសួង​ក៏បាន​រៀបចំ​ធ្វើ​វីដេអូ​អប់រំ​សុជីវធម៌​ ​ផ្សព្វផ្សាយ​និង​បណ្តុះ​បណ្តាល​តួនាទី​ ​ភារកិច្ច​ដល់​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​ ​អាចារ្យ​ ​និង​គណៈកម្មការ​វត្ត​។​

​លោក​ថា​ ​ក្រសួង​បាន​ជំរុញ​បោះពុម្ពផ្សាយ​ព្រះ​ត្រៃបិដក​ ​គម្ពីរ​ ​ដីកា​ ​និង​ទស្សនាវដ្ដី​ ​ព្រមទាំង​មានការ​កសាង​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពី​ពុទ្ធ​ឱវាទ​ នៅ​ទីស្តីការ​ក្រសួង​ ​និង​ដាក់​នៅ​តាមផ្លូវ​ចេញ​ចូល​ពី​ព្រ​លាន​យន្តហោះ​ជាដើម​ផង​ដែរ​។​

​រដ្ឋ​ម​ន្រ្តី​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ក្រសួង​ជួបប្រទះ​មាន​ដូចជា​ ​សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​សាសនា​នៅ​កម្ពុជា​ ​មិនទាន់​បាន​រៀបចំ​រួចរាល់​នៅ​ឡើយ។​ ​ក្នុង​នោះ​សមត្ថភាព​មន្ត្រី​រាជការ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ឌី​ជី​ថល​នៅ​មាន​ក​ម្រិ​ត​ ​ហើយ​វត្តអារាម​មួយ​ចំនួន​មិនទាន់​បាន​ចងក្រង​ជា​ប្រវត្តិ​ ​និង​ចុះបញ្ជី​នៅឡើយ​។​

​លោក​ ​ចាយ​ ​បូ​រិន​ ​បន្ថែម​ថា​ ​ចំពោះ​គណៈ​ដឹកនាំ​និង​រចនា​ស​ម្ព័ន្ធ​ដឹកនាំ​ផ្នែក​ពាហិ​រ​សាសនា​ (​សាសនា​ក្រៅ) ​ពុំទាន់​មាន​ភាព​ច្បាស់លាស់​ ​កា​របើក​វិហារ​ ​ស្នាក់​ការ​ថ្វាយ​ប​ង្គុំ ​ឬ​កន្លែង​បង្រៀន​គម្ពីរ​សាសនា​មួយ​ចំនួន​ពុំទាន់​អនុវត្ត​តាម​ច្បាប់​អនុញ្ញាត​ ​ដែល​ធ្វើ​ឱ្យ​បញ្ហា​អវិជ្ជមាន​ក្នុង​សាសនា​នៅ​តែ​បន្ត​កើតមាន​ ​និង​ជំនឿ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ដូចជា​ ​គ្រូបា​រ​មី​ ​គ្រូ​សណ្ឋិត​ ​និង​ការ​បង្ហោះ​សកម្មភាព​តាម​បណ្តាញ​សង្គម​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​និង​បង្កើត​ព្រឹត្តិការណ៍​គ្មាន​សណ្តាប់ធ្នាប់​។​

​លោក​ថ្លែង​ថា​ ​បុគ្គល​សង្ឃ​ខ្លះ​ប្រើប្រាស់​បណ្តាញ​សង្គម​បង្ហាញ​សកម្មភាព​ប្រាសចាក​ពី​ធម៌​វិ​ន័យ​ ​ដើម្បី​ផល​ប្រយោជន៍​ដែល​ពិបាក​ទប់​ស្កាត់​ ​ហើយ​អ្នក​សារ​ព័ត៌មាន​អន​ឡា​ញ​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​បំពុល​សង្គម​ពាក់ព័ន្ធ​នឹង​ជំនឿ​សាសនា​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​

​លោក​ ​ប៉ា​ ​សុជាតិ​វង្ស​ ​ប្រធានគណៈកម្មការ​ទី​៧​ ​នៃ​រដ្ឋសភា​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញ​ការ​ងារ​របស់​រដ្ឋមន្ត្រី​ក្រសួងធម្មការ​ ​និង​សាសនា​ ​ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​ជាច្រើន​ក្នុង​ក្របខ័ណ្ឌ​ធម្មការ​ ​និង​សាសនា​។​

​លោក​បាន​បន្ថែម​ថា​ ​សម្រាប់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សាសនា​ ​តាងនាម​គណៈកម្មការ​ទាំង​១​០​ ​របស់​រដ្ឋសភា​ ​គឺ​មាន​ការ​គាំទ្រ​ទាំងស្រុង​ ​ព្រមទាំង​សង្ឃឹម​ ​និង​មាន​ជំនឿ​ថា​ ​តាមរយៈ​ទិសដៅ​ជា​យុទ្ធ​សា​ស្រ្ត ​និង​ផែនការ​សកម្មភាព​ជា​អាទិភាព​ដែល​ក្រសួង​បាន​ដាក់​ចេញ​ ​នឹង​ធ្វើ​ឱ្យវិ​ស័​យ​ធម្មការ​ ​និង​សាសនា​ ​ដើរ​តួនាទី​កាន់តែ​សំខាន់​ថែម​ទៀត​ ​ដើម្បី​ទ្រទ្រង់​ការ​អភិវឌ្ឍ​សង្គម​ប្រកប​ដោយ​ចីរភាព​។​

​ព្រឹទ្ធាចារ្យ​ ​និង​ជា​អាចារ្យវត្ត​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ​លោក​ ​សែម​ ​មឿង​ ​បាន​ឱ្យ​ដឹង​ថា​ ​ព្រះពុទ្ធសាសនា​ ​ជា​សាសនា​របស់​រដ្ឋ​ ​ហើយ​គ្រប់​សាសនា​ទាំង​អស់​ដែល​មាន​វត្តមានក្នុង​ប្រទេស​កម្ពុជា​ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ដូច្នេះ​អ្នកប្រតិបត្តិ​ទាំងឡាយ​មិន​អាច​ធ្វើសកម្មភាព​ប្រាសចាក​នឹង​សីលធម៌​នោះ​ទេ​។​

​លោក​បន្ថែម​ថា​ ​ការ​បង្កើត​ឱ្យ​មានច្បាប់​ពាក់ព័ន្ធ​នឹង​សាសនា​ ​គឺជា​រឿង​ល្អ​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​ជា​រួម​ ​ដើម្បី​ដាក់ទោស​ទណ្ឌ​លើ​បុគ្គល​ទាំងឡាយ​ណា​ដែល​យក​សាសនា​មក​លេងសើច​ ​រកស៊ី​ ​ឬ​បោក​ប្រាស​ប្រជាពលរដ្ឋ​ ​ឬក៏​ធ្វើ​ឱ្យ​អាប​ឱន​សាសនា​។​

​លោក​បន្ត​ថា​៖​ ​«​បើ​រដ្ឋាភិបាល​បង្កើត​ចេញ​ជា​ច្បាប់​អនុវត្ត​ជា​ផ្លូវការ​ ​នឹង​ជំរុញ​ឱ្យ​មនុស្ស​ចេះ​គោរព​ច្បាប់​ ​ភ័យ​ខ្លាច​ជាប់​ទោស​ទណ្ឌ​ ​ឬ​ជាប់​ពិន័យ​ ​ដូច្នេះ​នៅ​ពេល​ប្រុង​ធ្វើ​សកម្មភាព​អ្វីមួយ​ដែល​ពាក់ព័ន្ធ​នឹង​សាសនា​ ​នោះ​ពួកគេ​នឹង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ​និង​ពិចារណា​ឱ្យ​ច្រើន​ ​មុន​ប្រព្រឹត្ត​ឬ​មិន​ប្រព្រឹត្ត​ ​ដើម្បី​កុំ​ឱ្យ​មានទោស​ ​ឬ​ជាប់​ពិន័យ​ ​ប៉ុន្តែ​ខ្ញុំ​បារម្ភ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​»​។​

​គួរ​រម្លឹក​ថា​ ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សាសនា​នៅ​កម្ពុជា​ ​បាន​និង​កំពុង​សិក្សា​ ​ដើម្បី​ប្រមូល​ធាតុ​ចូល​ដែល​សេចក្ដី​ព្រាង​នេះ​គ្រោង​នឹង​បញ្ចប់​នា​ពេល​ខាង​មុខ​។​ ​ក្នុង​នោះ​មាន​មាត្រា​មួយ​បាន​រឹត​បន្តឹង​ចំពោះ​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធ​សា​នា​ ​ដែល​មាន​ចេតនា​ចូលរួម​ធ្វើបាតុកម្ម​ ​កូដកម្ម​ ​កុបកម្ម​ ​ដើម្បី​ប្រឆាំង​ជាមួយ​គណបក្ស​នយោបាយ​ ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ពី​ ​៧​ឆ្នាំ​ ​ដល់​ ​១​៥​ឆ្នាំ​។​

​ក្រសួងធម្មការ​ ​និង​សាសនា​ ​ធ្លាប់​បញ្ជាក់​ថា​ ​ទោ​ស​ប្ប​ញ្ញត្តិ​នេះ​បាន​ចែង​នៅ​ក្នុង​សេចក្ដីព្រាងច្បាប់​ ​ត្រង់​ជំពូក​ទី​១​០​ ​និង​មាត្រា​៣​៥​ ​ដែល​បាន​កំណត់​ថា​ ​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ ​មាន​ចេតនា​ចូលរួម​ធ្វើបាតុកម្ម​ ​កូដកម្ម​ ​កុបកម្ម​ ​ដើម្បី​ប្រឆាំង​ ​ឬ​ប្រឆាំង​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​៕

Related Posts

Previous Article

​ឆ្នាំ​២​០​២​៣​ ​រោងភាពយន្ត​ចំនួន​២​៥​ ​នៅ​កម្ពុជា​មាន​អ្នក​ទស្សនា​ប្រមាណ ​ជាង​ ​៣​លាន​នាក់​

Next Article

​ក្រុម​អ្នក​វិនិយោគ​បារាំង​ចង់​សិក្សា​ពី​សក្តានុពល​នៃ​កា​របោះ​ទុន​នៅ​កម្ពុជា​