ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល

ខ្មែរថាមស៍ Share:

ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះនៅលើបណ្តាញតេឡេក្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការកម្ចាត់មូសខ្លា និងគ្មានជំងឺគ្រុនឈាមគ្រប់ទីតាំងភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង ។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា វិធានការជាបន្ទាន់នេះ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ  ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាមយាយីដល់បងប្អូនប្រជាពលរដ្ឋ ។

ទន្ទឹមនឹងនេះ ក្រុមការងារបានចុះធ្វើយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌចំនួន៥ រួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលជាខណ្ឌមានបញ្ហាប្រឈម ជំងឺគ្រុនឈាមខ្លាំងជាងគេ នាថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ ។

រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញជាជំហានដំបូងនេះ ត្រូវបាញ់ថ្នាំសម្លាប់មូសខ្លានៅខណ្ឌទាំង៥នេះ ឱ្យបានរួចរាល់ ក្នុងរយៈពេលមួយសប្តាហ៍ រួចបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌ និង១០៥សង្កាត់ នៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀត សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យបានទាំងស្រុង មិនឱ្យមានជំងឺគ្រុនឈាមនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់សូមចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់កន្លែងទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដបវត្ថុដក់ទឹកភ្លៀងជាដើម  ដើម្បីរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការកម្ចាត់ជម្រកមូសខ្លាដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម ។

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានដាក់ឱ្យអនុវត្ត នាថ្ងៃទី២៤ សីហា ២០២៣ បានកំណត់នូវបញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដោយមានកិច្ចការអាទិភាព ចំនួន ៥ ដែលការលើកកម្ពស់សុខភាព និងសុខុមាលប្រជាជន គឺជាកិច្ចការអាទិភាពទី៣ នៃបញ្ចកោណទី១ ដោយមានគោលដៅយុទ្ធសាស្ត្រនានា ដែលផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់ ដែលបណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ ការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា៕

Related Posts

Previous Article

​ក្រសួង​៖​ ​G​D​P​ ​របស់​កម្ពុជា​ទំនងជា​នឹង​ឡើង ​ដល់ ​​៣​៥​ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​

Next Article

ការអភិវឌ្ឍន៍វិស័យអប់រំ និងកីឡារបស់ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ក្នុងតំបន់