កម្ពុជា-អូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ

Khmer Times Share:
រូបភាព៖ ធនាគារជាតិនៃកម្ពុជា

កម្ពុជា និងអូស្ត្រាលីមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកធនាគារ និងហិរញ្ញវត្ថុបន្ថែមទៀត ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុបៃតង និងចំណេះដឹងហិរញ្ញវត្ថុ។

គោលបំណងនេះត្រូវបានបញ្ជាក់ក្នុងជំនួបរវាងលោកស្រី ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបសម្តែងការគួរសមនោះ លោកស្រី ជា សិរីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជម្រាបជូនប្រតិភូ អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ និងការព្យាករណ៍សម្រាប់ឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់ថា សេដ្ឋកិច្ចនឹងបន្តកើនឡើងជាលំដាប់ ជាមួយនឹងកម្រិតអតិផរណាទាបទោះបីជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។

ប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ និងបានរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ខណៈពេលដែលការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការ (non-performing loans) គឺស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនាពេលខាងមុខនេះ។

ចំណែកលោកឯកអគ្គរដ្ឋទូតបានអបអរសាទរកម្ពុជាចំពោះវឌ្ឍនភាពក្នុងទំនើបកម្មនៃប្រព័ន្ធទូទាត់របស់ប្រទេសកម្ពុជាដែលភ្ជាប់ជាមួយប្រព័ន្ធទូទាត់របស់ប្រទេសនានាក្នុងតំបន់៕ AKP

Related Posts

Previous Article

កម្ពុជា និងនូវែលសេឡង់ សម្តែងការពេញចិត្តចំពោះការសម្រេចបាននូវទំនាក់ទំនងល្អ និងយូរអង្វែង

Next Article

កម្ពុជានឹងផ្តល់បច្ចេកទេស ចំណេះដឹង និងជំនាញដល់ម៉ុងហ្គោលីលើការងារដោះមីន