​ក្រសួង​បរិស្ថាន​ ​បង្កើត​សហគមន៍​ការពារ​ធម្មជាតិ​ជាង​១​៩​០​ ​គ្រប់គ្រង​លើ​ផ្ទៃដី​ជាង​ ​៣​ ​សែន​ហិកតា​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
សកម្មភាព​សមាជិកសហគមន៍អភិរក្សតំបន់ការពារធនធានធម្មជាតិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ​នៅ​ក្នុង​ពេល​ចុះ​ល្បាត​ព្រៃ​សហគមន៍​កាល​ពីឆ្នាំ២០២១។ រូបភាព៖ ក្រសួងបរិស្ថាន

​គិតត្រឹម​ឆ្នាំ​២​០​២​៣​ ​ក្រសួង​បរិស្ថាន​ ​បាន​រៀបចំ​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​បាន​ចំនួន​ ​១​៩​៣​ ​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន​ ​៧​៣​ ​១​៤​៩​ ​គ្រួសារ​ ​ស្មើនឹង​សមាជិក​ចំនួន​ ​៣​០​៥​ ​៦​២​១​នាក់​ ​ដើម្បី​ការ​អភិ​រក្ស​ជី​វ​ចម្រុះ​ ​គ្រប់គ្រង​ធនធានធម្មជាតិ​ ​វប្បធម៌​ ​និង​លើក​ក​ម្ពស់​សេដ្ឋកិច្ច​ជាតិ​ ​និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​។​

​លោកស្រី​ ​ម៉ុម​ ​ថា​នី​ ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​រៀបចំផែនការ​យុទ្ធ​សា​ស្រ្ត​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​ ​គឺជា​ត្រីវិស័យ​ ​និង​ផែនទី​បង្ហាញ​ផ្លូវ​អាទិភាព​ ​ជាពិសេស​បាន​ចូលរួម​អនុវត្ត​យុទ្ធ​សា​ស្រ្ត​ចក្រា​វិ​ស័​យ​បរិស្ថាន​ ​និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​។​

​លោកស្រី​បន្ត​ថា​ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន​ ​ដើម្បី​ការពារ​តំបន់​ស្នូល​ ​និង​តំបន់​អភិ​រក្ស​នៃ​តំបន់​ការពារ​ធម្មជាតិ​ ​និង​ការ​កែច្នៃ​សក្តានុពល​ធនធានធម្មជាតិ​ ​បាន​ចូល​រួម​លើក​ក​ម្ពស់​សេដ្ឋកិច្ច​ជាតិ​ ​និង​សេដ្ឋកិច្ច​មូលដ្ឋាន​ ​ជាពិសេស​ធានា​បាន​នូវ​តុល្យភាព​រវាង​ការ​អភិវឌ្ឍ​ ​អភិ​រក្ស​ ​និង​លើក​ក​ម្ពស់​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន​។​

​លោកស្រី​ ​ម៉ុម​ ​ថា​នី​ ​បញ្ជាក់​ថា​ ​គិត​ត្រឹម​ឆ្នាំ​២​០​២​៣​ ​ក្រសួង​បរិស្ថាន​ ​បាន​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ​១​៩​៣​ ​សហគមន៍​ ​ដែល​មានគ្រួសារ​ចូលរួម​ចំនួន​ ​៧​៣​ ​១​៤​៩​ ​គ្រួសារ​ ​ស្មើនឹង​សមាជិក​សរុប​ចំនួន​ ​៣​០​៥​ ​៦​២​១​នាក់​ ​ដែល​បាន​គ្រប់គ្រង​ផ្ទៃដី​ព្រៃ​ទំហំ​ ​៣​៣​២​ ​១​០​៨​ហិកតា​។​

​លោកស្រី​បន្ថែម​ថា​ ​ក្នុង​ចំណោម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​១​៩​៣​ ​ស្ថិតនៅ​ក្នុង​ភូមិ​ចំនួន​ ​៣​៦​២​ ​នៃ​ ​១១៥​ឃុំ​ ​និង​ខេត្ត​ចំនួន​ ​១​៥​ខេត្ត​។​

​លោកស្រី​បន្ត​ថា​ ​ក្រសួង​ក៏បាន​រៀបចំ​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ​៧​៣​កន្លែង​ ​ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ ​៧​,​០​៤​៦​,​៨​៦​៣​ហិកតា​ ​ដើម្បី​ការ​អភិ​រក្ស​ជី​វ​ចម្រុះ​ ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​-​វប្បធម៌​ ​ការ​ចូលរួម​លើក​ក​ម្ពស់​សេដ្ឋកិច្ច​ជាតិ​ ​និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​ចីរភាព​។​

​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​«​ផែនការ​យុទ្ធ​សា​ស្រ្ត​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​ (​២​០​២​៤​-​២០២៨)»​ ​កាលពី​ថ្ងៃចន្ទ​ ​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​បរិស្ថាន​ ​ថ្លែង​ថា​ ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​ ​មាន​តួនាទី​ស្នូល​យ៉ាងសំខាន់​ ​ដើម្បី​រៀបចំ​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ ​រៀបចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ ​និង​ការ​សម្របសម្រួល​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​។​

​លោក​បន្ថែម​ថា​ ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​ ​ក៏​មាន​តួនាទី​ស្នូល​ក្នុង​ការ​កៀរគរ​ដៃគូ​ទាំង​ស្ថាប័នរដ្ឋ​ វិ​ស័​យ​ឯកជន​ ​និង​ដៃគូ​អភិវឌ្ឍន៍​ ​ដើម្បី​សហការ​គាំទ្រ​ ​ធ្វើអន្តរាគមន៍​ ​ដោះស្រាយ​ ​និង​ឆ្លើយតប​នូវ​កង្វល់​ផ្សេងៗ​របស់​សហគមន៍​មូលដ្ឋាន​ ​ព្រមទាំង​លើក​ក​ម្ពស់​សហគ្រិន​ភាព​ ​និង​ការ​វិនិយោគ​ ​ជាមួយ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​លើ​វិ​ស័​យ​កសិកម្ម​ ​ការ​កែច្នៃ​អនុផល​ព្រៃឈើ​ ​និង​ការ​ផ្តល់​សេវា​ទេសចរណ៍​ធម្មជាតិ​។​

​លោក​ ​ស៊ុន​ ​ពៅ​ ​បណ្តាញ​សហគមន៍​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្ត​ព្រះវិហារ​ ​ធ្លាប់​ឱ្យ​ដឹង​ថា​ ​លោក​គាំទ្រ​ចំពោះ​ការ​បង្កើត​តំបន់​ការពារ​ទេសភាព​ ​និង​ពង្រីក​សហគមន៍​នៅ​តាម​មូលដ្ឋាន​នៅ​កម្ពុជា​ ​ព្រោះ​សកម្មភាព​ទាំងនេះ​ជា​ការចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​ ​និង​ជី​វ​ចម្រុះ​ក្នុង​ព្រៃ​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​។​

​លោក​បន្ថែម​ថា​ ​ដើម្បី​ការពារ​ថែរក្សា​ធនធានធម្មជាតិ​ឱ្យ​នៅ​គង់វង្ស​ ​ក្រៅពី​ការ​បង្កើត​សហគមន៍​ ​និង​តំបន់​ការពារ​ផ្សេងៗ​ ​ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​គួរតែ​បើក​ឱ្យ​ទូលំទូលាយ​ដល់​សាធារណជន​ ​ជាពិសេស​សម្រាប់​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ​ ​ដើម្បី​បាន​ចូលរួម​គ្រប់​សកម្មភាព​ថែរក្សា​ការពារ​ព្រៃឈើ​ ​និង​សត្វព្រៃ​ផង​ដែរ​។​

​កាលពី​ថ្ងៃចន្ទ​ ​ក្រសួង​បរិស្ថាន​ ​ប្រកាស​ព័ត៌មាន​ថា​ ​ដើម្បី​បន្ត​បេសកកម្ម​ ​និង​ចូលរួម​អនុវត្ត​ផែនការ​យុទ្ធ​សា​ស្រ្ត​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​ ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​ ​ត្រូវ​លើកទឹកចិត្ត​ដល់​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ ​និង​វិ​ស​័​យ​ឯកជន​ ឱ្យ​ប​ន្ស៊ី​ផែនការ​សកម្មភាព​ ​និង​ផែន​យុទ្ធ​សា​ស្រ្ត​របស់​ខ្លួន​ជាមួយនឹង​ ​«​ផែនការ​យុទ្ធ​សា​ស្រ្ត​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​»​ ​ក៏ដូចជា​ ​«​យុទ្ធ​សា​ស្រ្ត​ច​ក្រា​វិ​ស​័​យ​បរិស្ថាន​»​ ​ដើម្បី​ជោគជ័យ​ការងារ​រួមគ្នា​។​

​បន្ត​ពង្រឹង​រចនា​ស​ម្ព័ន្ធ ​និង​កសាង​សមត្ថភាព​បណ្តាញ​សហគមន៍​ថ្នាក់​មូលដ្ឋាន​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ពិគ្រោះ​យោបល់​នានា​រវាង​សហគមន៍​មូលដ្ឋាន​ ​និង​រដ្ឋាភិបាល​ក្នុង​ការ​ស្វែងយល់​ពី​តម្រូវ​ការ​ ​និង​បញ្ហា​ប្រឈម​នានា​ ​ដើម្បី​ចូលរួម​អនុវត្ត​ ​និង​ត្រួតពិនិត្យ​ ​វាយ​តម្លៃ​ឱ្យ​បាន​សមស្រប​ ​និង​ទូលំទូលាយ​នៅ​មូលដ្ឋាន​។​

​បន្ត​ការរៀបចំ​ ​និង​កែ​លម្អ​ថ្នាល​បណ្តុះ​កូនឈើ​ ​ដោយ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​ ​ដើម្បី​បណ្តុះ​កូនឈើ​ឱ្យ​បាន​យ៉ាងតិច​១​០​ម៉ឺន​ដើម​ ​ក្នុង​មួយ​ខេត្ត​ ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ​និង​រៀបចំផែនការ​ចែក​ជូន​កូនឈើ​ដាំ​តាម​លក្ខណៈ​បច្ចេកទេស​ ​និង​ថែទាំ​ឱ្យ​បាន​សមស្រប​ ​ដើម្បី​សម្រេច​ចក្ខុវិស័យ​ ​«​ជា​ប្រទេស​អព្យាក្រឹត​កា​បូ​ន​ ​និង​មាន​គម្រប​ព្រៃឈើ​៦​០​% ​នៅ​ឆ្នាំ​២​០​៥​០​»​។​

​ក្រសួង​ក៏បាន​ស្នើ​ឱ្យ​មាន​ការចូលរួម​ពី​តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ ​និង​វិ​ស​័​យ​ឯកជន​ ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​អ្នកជំនាញ​លើ​ផ្នែក​កសិកម្ម​ ​ចិញ្ចឹមសត្វ​ ​សិប្បកម្ម​ ​កែច្នៃ​ ​វេច​ខ្ចប់​ម្ហូបអាហារ​ សិល្បៈ​តន្ត្រី​ ​ជួសជុល​គ្រឿង​យន្ត​ ​ព្រម​ទាំង​ជំនាញ​ផ្សេងៗ​ទៀត​ ​ដើម្បី​បណ្តុះបណ្តាល​ដល់​ប្រជា​សហគមន៍​ ​តំបន់​ការពារ​ធម្មជាតិ​ ​ក្នុង​គោលដៅ​លើក​ក​ម្ពស់​សេដ្ឋកិច្ច​គ្រួសារ៕​

Related Posts

Previous Article

​ក្រសួង​សុខាភិបាល​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មូលនិធិ​ ​G​X ​ដើម្បី​លើក​ក​ម្ពស់​សុខភាព​ពលរដ្ឋ​

Next Article

​​ផែនការ​មេ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ ព្រះ​សី​ហ​នុ​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ