​ក្រសួង​អប់រំ​ ​និង​ភាគី​ពាក់ព័ន្ធ​ជួយ​កុមារ​ចំណាកស្រុក​ជាង​៤​ម៉ឺន​នាក់​បាន​ចូល​រៀន

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​សិស្ស​នៅ​សាលា​មួយ​នៅ​រាជធានី​ភ្នំពេញ​។​ ​ ​ ​ខ្មែរ​ថា​ម​ស៍​៖​ ​យ៉​ន ​សូវៀត​

​គិត​ចាប់ពី​ឆ្នាំ​២​០​១​៨​ ​រហូតដល់​ឆ្នាំ​២​០​២​៣​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​អន្តរាគមន៍​ជួយ​ដល់​កុមារ​ធ្វើ​ចំណាកស្រុក​តាម​ឪពុក​ម្ដាយ​សរុប​ចំនួន​ ​៤​៣​ ​៩​៥​២​នាក់​ ​ដើម្បី​ទទួល​បាន​ការអប់រំ​នៅ​ក្នុងមណ្ឌល​របស់​អង្គការ​ ​និង​គ្រឹះស្ថានសិក្សា​សាធារណៈ​។​​

ក្នុង​របាយការណ៍​សមិទ្ធផល​សំខាន់​ៗ​ក្នុងរយៈពេល​១​០​ឆ្នាំ​ ​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ចំណោម​កុមារ​ធ្វើ​ចំណាកស្រុក​តាម​ឪពុក​ម្ដាយ​ចំនួន​ ​៤​៣​ ​៩​៥​២​នាក់​ ​គឺ​មាន​ស្រី​ ​១​៨​,​៤​៦​១​នាក់​ ​ដែល​ទទួល​បាន​ការ​អប់រំ​នៅ​ក្នុងមណ្ឌល​អប់រំ​របស់​អង្គការ​ ​និង​បាន​ធ្វើ​សមាហរណ​កម្ម​ចូលក្នុង​គ្រឹះស្ថានសិក្សា​សាធារណៈ​នៅ​តាម​បណ្ដា​រាជធានី​ ​ខេត្ត​ ​ចំនួន​៦​។​

​លោកស្រី​ ​ឃួន​ ​វិច្ឆិកា​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ឱ្យ​ដឹង​ថា​ ​កុមារ​ដែល​ទទួល​បាន​ការអប់រំ​នៅ​ក្នុង​មណ្ឌល​របស់​អង្គការ​ ​និង​ធ្វើ​សមាហរណ​កម្ម​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ ​គឺ​មាន​ខេត្ត​គោលដៅ​ដូចជា​ ​ខេត្ត​កោះ​កុង​ ​បន្ទាយ​មានជ័យ​ ​ព្រៃវែង​ ​សៀមរាប​ ​ព្រះសីហនុ ​និង​រាជធានី​ភ្នំពេញ​។​

​លោកស្រី​បន្ថែម​ថា​ ​កុមារ​ទាំងនោះ​ទទួល​បាន​ស​ម្ភារៈ​សិក្សា​ ​ស​ម្លៀ​ក​បំពាក់​ ​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សាលា​រៀន​ ​និង​ទទួល​បាន​អាហារ​។​

​លោកស្រី​បន្ត​ថា​ ​កុមារ​ខាងលើ​នេះ​ ​ក៏​ទទួល​បានការ​គាំទ្រ​ពិគ្រោះពិភាក្សា​ផ្លូវចិត្ត​ ​ស​ម្ភារៈ​អនាម័យ​ ​ទី​ជម្រក​ ​ការ​ស្តារ​នីតិសម្បទា​ ​និង​ការសិក្សា​ជំនាញ​សម្រាប់​មុខរបរ​។​

​លោកស្រី​ ​ឃួន​ ​វិច្ឆិកា​ ​បញ្ជាក់​ថា​ ​ចំពោះ​ក្រុម​គ្រួសារ​របស់​កុមារ​ទាំងនោះ​ ​ក៏​ទទួល​បានការ​គាំទ្រ​ដូចជា​ការ​ផ្តល់​ដើម​ទុន​សម្រាប់​ប្រកបរបរ​ទទួលទាន​ ​ការសិក្សា​អំពី​គំនិត​អាជីវកម្ម​ ​ការ​ប្រឹក្សា​ផ្លូវចិត្ត​ ​និង​ស្វែងរក​ការងារ​ធ្វើជា​ដើម​។​

​លោកស្រី​ ​មាស​ ​សា​អ៊ី​ម​ ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ ​និង​កុមារ​នៃ​សមាគម​​អា​ដ​ហុ​ក​ ​ប្រាប់​​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ចំនួន​​កុមារ​ដែល​ទទួល​​បាន​ការអប់រំ​ខាងលើ​នេះ​ ​គឺជា​ចំនួន​តិចតួច​បំផុត​ ​ព្រោះ​នៅ​មាន​កុមារ​ជាច្រើន​ទៀត​ ​ដែល​ចំណាក​ស្រុក​តាម​ឪពុក​ម្ដាយ​ ​ប៉ុន្តែ​ពួក​គេ​ពុំ​ទទួល​បាន​សេវា​អប់រំ​នៅឡើយ​។​

​លោកស្រី​បន្ថែម​ថា​ ​រដ្ឋាភិបាល​ ​ក្រសួង​អប់រំ​ ​និង​ភាគី​ពាក់ព័ន្ធ​គួរ​ពង្រីក​សេវា​គាំពារ​កុមារ​ចំណាក​ស្រុ​ម​តាម​ឪពុក​ម្ដាយ​ឱ្យ​បាន​ចូលរៀន​បន្ថែម​ទៀត​ ​ព្រោះ​បច្ចុប្បន្ន​មានត្រឹមតែ​ ​៦​ខេត្ត​ ​គឺជា​ចំនួន​តិចតួច​ដែល​ត្រូវ​យកចិត្តទុកដាក់​ពង្រីក​ទៅ​កាន់​ខេត្ត​ដែល​សម្បូរ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ ​ដើម្បី​បម្រើ​ការងារ​នៅ​ទីនោះ​។​

​លោកស្រី​បន្ត​ថា​ ​ចំពោះ​កុមារ​ដែល​ក្រសួង​ ​និង​ភាគី​ពាក់ព័ន្ធ​គាំទ្រ​ឱ្យ​ចូលរៀន​នៅ​មណ្ឌល​អប់រំ​របស់​អង្គការ​ ​និង​គ្រឹះស្ថានសិក្សា​សាធារណៈ​ ​គួរតែ​មាន​គោល​នយោបាយ​រៀន​បំប៉ន​បន្ថែម​ ​ព្រោះ​ភាគច្រើន​កុមារ​បែប​នេះ​លទ្ធផល​សិក្សា​របស់​ពួកគេ​មិនសូវ​ល្អ​ប្រសើរ​នោះ​ទេ​ ​ដោយសារ​ត្រូវ​ផ្លាស់ប្ដូរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ​ឬ​ផ្លាស់ប្ដូរ​ពី​ខេត្ត​ ​ទៅ​កាន់​ជាយ​ដែន​តាម​ឪពុក​ម្ដាយ​ក្នុងរយៈពេល​ខ្លី​ ​ដូច្នេះ​ការសិក្សា​របស់​ពួក​គេ​តែង​នៅ​មាន​ក​ម្រិ​ត​ខុស​ពី​កុមារ​ដែល​មាន​ទីលំនៅ​អ​ចិន្ត្រៃយ៍​។​

​លោកស្រី​ ​មាស​ ​សា​អុីម​ ​បញ្ជាក់​ថា​ ​ចំពោះ​កុមារ​ខាង​លើ​នេះ​ ​ភាគច្រើន​តែង​ប្រឈម​ទៅ​នឹង​ការ​រើសអើង​នៅ​ក្នុង​សហគមន៍​ ​និង​ក្នុង​សាលារៀន​ពាក់ព័ន្ធ​នឹង​ ​លាប​ពណ៌​ ​សើចចំអក​ ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​ ​និង​រង​ការ​មើលងាយ​ពី​មិត្ត​ភក្ដិ​នៅ​ជុំវិញ​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​ដែល​មិន​ទាន់​យល់​ពី​កិច្ច​គាំពារ​កុមារ​។​

​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ ​និង​កុមារ​ ​បន្ថែម​ថា​ ​ក្រសួង​ ​និង​ភាគី​ពាក់ព័ន្ធ​គួរ​ចុះ​ធ្វើស្ថិតិ​កុមារ​ចំណាកស្រុក​តាម​ឪពុក​ម្ដាយ​ដូចជា​ ​តាម​រោងចក្រ​ ​សហគ្រាស​ ​ក្រុមហ៊ុន​ ​ដែល​ស្ថិត​ក្នុង​តំបន់​ដែល​មានកម្ម​ករ​ធ្វើការ​ច្រើន​ ​ជាពិសេស​នាយក​សាលា​ ​ឬ​រដ្ឋបាល​សាលារៀន​ ​គួរ​មាន​ស្ថិតិ​ច្បាស់លាស់​ថា​ ​តើ​មាន​សិស្ស​មក​តាម​គ្រួសារ​ចំណាកស្រុក​ប៉ុន្មាន​ភាគរយ​ ​នៃ​ចំនួន​សិស្ស​សរុប​ ​ដើម្បី​មាន​យុទ្ធសាស្ត្រ​ឆ្លើយតប​តាម​តម្រូវ​ការ​នានា​។​

​លោកស្រី​បញ្ជាក់​ថា​៖​ ​«​យើង​តែង​និយាយ​កុមារ​ជា​ទំពាំងស្នងឫស្សី​ ​បើ​ទំពាំង​គ្មាន​គុណភាព​ ​តើ​យើង​គិតថា​ការ​អភិវឌ្ឍ​ប្រទេសជាតិ​នៅ​ថ្ងៃក្រោយ​ទៀ​តនឹង​ប៉ះពាល់​ក​ម្រិ​ត​ណា​? ​ព្រោះ​សង្គម​ត្រូវការ​ពួកគាត់​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ ​ប៉ុន្តែ​បើ​ក្នុងចំណោម​កុមារ​១​០​នាក់​ ​គឺ​មាន​កុមារ​ដែល​ត្រូវ​ចំណាកស្រុក​តាម​ឪពុក​ម្ដាយ​យ៉ាងហោច​ចំនួន​៣​នាក់​ ​ដូច្នេះ​នៅសល់​៧​នាក់​ ​ដែល​ទទួល​បាន​ការអប់រំ​»​។​

​លោកស្រី​បន្ថែម​ថា​ ​បើ​ធនធានមនុស្ស​នៅសល់​តិចតួច​ ​នោះ​កម្លាំង​នៃ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​នឹង​ថមថយ​ ​ហើយ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សង្គម​ដូចជា​ ​បញ្ហា​សេព​គ្រឿងញៀន​ ​ក្មេង​ទំនើង​ ​ចោរកម្ម​ ​និង​លួច​​ជាដើម។ ​

របាយការណ៍​របស់​​​ក្រសួង​អប់រំ​ ​បញ្ជាក់​ថា​ ​ ​ក្រសួង​នឹង​រៀបចំ​សេចក្តី​ណែនាំ​ប្រតិបត្តិ​ស្តីពី​​ការ​គាំទ្រ​ដល់​កុមារ​ធ្វើ​ចំណាកស្រុក​តាម​ឪពុក​ម្តាយ​ ​ដើម្បី​ធានា​ឱ្យ​កុមារ​ទាំងនោះ​ទទួល​បានឱកាស​សិក្សា​​ប្រកបដោយ​គុណភាព​ ​បរិ​យា​ប​ន្ន ​និង​មានលទ្ធភាព​ទទួល​បាន​ការសិក្សា​ពេញ​មួយ​ជីវិត​​៕​

Related Posts

Previous Article

​សម្តេច​តេជោ ​ហ៊ុន​ ​សែន​៖​ ​គណបក្សប្រជាជន​កម្ពុជា​ចាត់​ទុក​ប្រទេស​ទាំងអស់​ជា​មិត្ត​ដូចគ្នា​

Next Article

​ក្រសួងយុត្តិធម៌​ ​ពិនិត្យ​និង​វាយ​តម្លៃ​វឌ្ឍនភាព​របស់​ក្រុម​ការងារ​ព័ត៌មាន​ ​និង​ទំនាក់ទំនង​សាធារណៈ​